កំពង់ធំ៖ សត្វគោប្រជាពលរដ្ឋនៅភូមិរសួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ជាច្រើនក្បាលបានងាប់ ដោយសារថ្នាំពុលគីមី ក្នុងអំឡុងពេលភ្ជុំបិណ្ឌ នៅលើខ្នងទំនប់អាងទឹក “តាអាង” ដែលត្រូវបានប្រជាពលរដ្ឋប្រទះឃើញ តែត្រូវម្ចាស់អាងបដិសេធ។
ប្រជាពលរដ្ឋជាម្ចាស់គោ សម្តែងការសាកស្តាយយ៉ាងខ្លាំងក្នុងករណីគោពុលថ្នាំគីមីងាប់ លើខ្នងទំនប់អាងទឹក “តាអាង” ស្ថិតនៅក្នុងតំបន់បី នៃក្រុងស្ទឹងសែន ខេត្តកំពង់ធំ ងាប់អស់១៧ក្បាល និងគោជាច្រើនក្បាលទៀតពុលថ្នាំតែមិនទាន់ងាប់ កំពុងព្យាបាលនៅតាមផ្ទះ។ ប្រជាពលរដ្ឋជាម្ចាស់គោ បានលើកឡើងថា តំបន់នេះជារៀងរាល់ឆ្នាំប្រជាពលរដ្ឋ នៅភូមិរសួស ស្ទើរតែទាំងអស់គ្នា តែងតែយកគោក្របីមកដាក់តាមទីទួលទឹកមិនទាន់ឡើង ហើយតំបន់នេះ គឺតំបន់ ដែលកាលពី៦ ឬ៧ឆ្នាំមុន មានព្រៃលិច ព្រៃអញ្ចាញ និងវាលត្រែង សម្រាប់ប្រជាពលរដ្ឋឃ្វៀលគោក្របី តែក្រោយពេលបង្កើតជាអាងស្តុបទឹក សម្រាប់ឲ្យគោក្របីផឹក និងធ្វើស្រែ របស់អ្នកមានលុយមានអំណាច មានខ្នងបង្អែកក៏ចាប់ផ្តើវាទទីទន្ទ្រានដីព្រៃលិចអស់គ្មានសល់។ ក្រុមប្រជាពលរដ្ឋបន្តពួកគេមិនដែលជំទាល់ការវាទដីធ្វើនោះ ប៉ុន្តែពួកគាត់យកគោក្របី ឲ្យមកស៊ីស្មៅក្នុងអាងទឹកជាច្រើនឆ្នាំមកហើយ មិនដែលមានបញ្ហានោះទេ។
ក្រុមប្រជាពលរដ្ឋបន្តទៀតថា នៅទី៥ ខែតុលា ឆ្នាំ២០២១ ត្រូវថ្ងៃភ្ជុំបិណ្ឌ វេលាម៉ោងប្រហែលជាងប្រាំបីព្រឹក ពួកគាត់មកមើលគោជាធម្មតា ស្រាប់តែប្រទះឃើញគោងាប់ និងប្រកាច់ជាច្រើនក្បាល ព្រមទាំងប្រទះឃើញត្រាក់ទ័រកំពុងបាញ់ថ្នាំ មានមនុស្សចំនួនបីនាក់បើករត់ទៅលើខ្នងអាងហៅមិនឈប់ ព្រមទាំងរាយការណ៍ទៅកាន់នគរបាលរដ្ឋបាលស្រយ៉ូវផងដែរ។
ទន្ទឹមជាមួយគ្នានេះ ដំណឹងត្រូវបានរាយការណ៍ទៅកាន់លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន ព្រមទាំងបញ្ជាកម្លាំងអធិការនគបាលក្រុងស្ទឹងសែន កម្លាំងប៉ុស្តិ៍រដ្ឋបាលនគបាល ស្នើមន្រ្តីជំនាញសុខភាពសត្វចុះធ្វើកំណត់ហេតុស្រាវជ្រាវ។
ក្រុមប្រជាពលរដ្ឋ បន្តថា ចំនួនគោដែលបានងាប់ ជាក់ស្តែងនៅក្នុងអាងមានចំនួន១៧ក្បាល បាត់ចំនួន៩ក្បាល និងកំពុងបន្តជាព្យាបាលគោដែលនៅរស់មួយចំនួននៅផ្ទះតាមផ្ទះ។
លោក ច័ន្ទ បញ្ញាវន្ត ប្រធានការិយាល័យផលិតកម្មសត្វ និងបសុព្យាបាលខេត្តកំពង់ធំ បញ្ជាក់ថា ក្រុមមន្រ្តីជំនាញរបស់លោកបានចុះសិក្សាលំអិតជាក់ស្តែងឃើញថា ករណីគោងាប់ ទាំងអស់នេះ មិនមែនដោយសារជំងឺឆ្លងនោះទេ គឺពិតជាស្លាប់ដោយថ្នាំពុលគីមី, ប៉ុន្តែប្រភេទថ្នាំដែលធ្វើឲ្យងាប់យ៉ាងណានោះ មិនទាន់អាចសន្និដានបានព្រោះម្ចាស់អាងស្តប់ទឹកដែលប្រើប្រាស់ថ្នាំ មិនព្រមសហការផ្តល់ព័ត៌មាន! ហើយនេះក៏អាចជាការប្រើប្រាស់ថ្នាំខុសស្តង់ដារ និងបច្ចេកទេស ធ្វើឲ្យប៉ះពាលសុខភាពសាធារណៈ។
ចំពោះសត្វគោងាប់ ទាំងអស់មន្រ្តីណែនាំដល់ម្ចាស់សត្វមិនឲ្យធ្វើការវះកាត់យកសាច់បរិភោគ និងទៅលក់លើទីផ្សារជាដាច់ខាត ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ឬ ឈានដល់ស្លាប់ក៏ថាបាន។
លោកបញ្ជាក់ដងដែរថា ដើម្បីដឹងពីសារធាតុថ្នាំគីមីប្រើប្រាស់ទាំងនេះ គឺត្រូវរង់ចាំលោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បញ្ជាមន្រ្តីជំនាញយកស្មៅទៅធ្វើការពិសោធន៍ ស្វែងរកប្រភេទថ្នាំព្រមទាំងអនុវត្តន៍វិធានបន្តតាមផ្លូវច្បាប់៕




