អ៊ីស្រាអែលបានបញ្ជាឱ្យមានការជម្លៀសបន្ថែមទៀត និងបានកំណត់គោលដៅទីតាំងថ្មីមួយនៅភាគខាងជើងប្រទេសលីបង់កាលពីថ្ងៃសៅរ៍ ១៣ តុលា ខណៈកងរក្សាសន្តិភាពទីបីរបស់អង្គការសហប្រជាជាតិបានរងរបួសនៅក្នុងជម្លោះកាន់តែខ្លាំងរបស់អ៊ីស្រាអែលជាមួយក្រុមហេសបូឡានៅប្រទេសលីបង់ គាំទ្រដោយប្រទេសអ៊ីរ៉ង់ ។
ក្រសួងសុខាភិបាលលីបង់បាននិយាយថា មនុស្សយ៉ាងហោចណាស់ ១៥ នាក់បានស្លាប់ និង ៣៧ នាក់បានរងរបួសក្នុងការវាយប្រហាររបស់អ៊ីស្រាអែលឆ្លងតំបន់បីផ្សេងគ្នាក្នុងប្រទេសលីបង់។ ទីតាំងមួយក្នុងចំណោមទីតាំងគោលដៅគឺនៅក្នុងទីក្រុង Deir Billa ភាគខាងជើងប្រទេសលីបង់ ដែលមិនត្រូវបានវាយប្រហារពីមុនមកឡើយ។
យោធាអ៊ីស្រាអែលក៏បាននិយាយផងដែរថា ក្រុមហេសបូឡាបានបាញ់ផ្លោងជិត ៣២០ គ្រាប់ពីលីបង់ចូលទៅក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ ដោយពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ ប្រភពដដែលបានប្រកាសថាតំបន់ជុំវិញទីក្រុងមួយចំនួននៅភាគខាងជើងអ៊ីស្រាអែលត្រូវបានបិទជាសាធារណៈ។
កាលពីថ្ងៃសៅរ៍ផងដែរ យោធាអ៊ីស្រាអែលបានបញ្ជាឱ្យអ្នកស្រុករស់នៅក្នុងភូមិនានាភាគខាងត្បូងលីបង់ចំនួន ២៣ភូមិ ជម្លៀសទៅកាន់តំបន់ភាគខាងជើងនៃទន្លេ Awali ដែលហូរចេញពីជ្រលងភ្នំ បេកាអា (Bekaa) ភាគខាងលិចចូលទៅក្នុងសមុទ្រមេឌីទែរ៉ាណេ៕