បាល់ទាត់៖ ក្រុមបារាំងបានឡើងវគ្គផ្តាច់ព្រ័ត្រ UEFA Nations League ក្រោយវាយបកពីក្រោយយកឈ្នះប៊ែលហ្ស៊ិក ៣-២ យប់មិញនេះ។ ចាប់ផ្តើមបានល្អនៅវគ្គទី១ ក្រុមម្ចាស់ផ្ទះប៊ែលហ្ស៊ិកបាន ២គ្រាប់នាំមុខដោយ Yannick Carrasco និង Romelu Lukaku។

តែចូលវគ្គទី២ បារាំងបានក្រឡាប់ចាក់លទ្ធផលប្រកួតក្រោយរកបាន ៣គ្រាប់មកវិញ។ Karim Benzema តាមពីក្រោយ ១គ្រាប់នៅនាទីទី៦២ មុនពេល Kylian Mbappe ស៊ុតបាល់ពិន័យ ១១ម៉ែត្រតាមស្មើនៅនាទីទី៦៩។ គ្រាប់បាល់ជ័យជំនះរបស់បារាំងត្រូវរង់ចាំដល់នាទីទី៩០ ដោយខ្សែការពារ AC Milan, Theo Hernandez។

ក្រុមរបស់លោក Didier Deschamps នៅពេលនេះបានឈានឡើងវគ្គផ្តាច់ព្រ័ត្រ UEFA Nations League ដែលនឹងត្រូវជួបជាមួយអេស្ប៉ាញដែលបានយកឈ្នះអ៊ីតាលី ២-១។ វគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅកីឡដ្ឋាន San Siro ប្រទេសអ៊ីតាលីថ្ងៃអាទិត្យនេះ ឯប៊ែលហ្ស៊ិក និងអ៊ីតាលីជួបគ្នាយកលេខ៣ នៅទីក្រុង Turin៕
អត្ថបទ៖នាង សុភាវុធ