ពោធិ៍សាត់ ៖ ព្រះព្រហ្មាភិរ័តកែវ កន ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះរាជាណាចក្រកម្ពុជា ព្រះពោធិវង្សាវិមល ព្រះមេគណខេត្ត និងជាព្រះចៅអធិការ កែវវិជ័យ ខេត្តពោធិ៍សាត់ មានទឹកព្រះទ័យបានប្រគល់ជូនថវិកា ស្បៀងគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ជាច្រើនទៀតដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត សម្រាប់បម្រើកិច្ចការមនុស្សធម៌ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២៤ ដោយមានការចូលរួមពីលោក ជំទាវ អាំង សុជាតា ខូយ រីដា អនុប្រធានកិត្តិយស លោក វណ្ន ហ៊ាង នាយប្រតិបត្តិ សាខាកាកបាទ ក្រហម កម្ពុជាខេត្តពោធិ៍សាត់។
ព្រះព្រហ្មាភិរ័ត កែវ កន មានសង្ឃដិកាថា ថវិកា ស្បៀងនិងសម្ភារប្រើប្រាស់ ដែលបានប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តនាពេលនេះ គឺបានមកពីពុទ្ធបរិស័ទនិងសប្បុរសជន ប្រគេនដល់ព្រះសង្ឃ តាមរយៈពិធីបុណ្យទានផ្សេងៗ ជាពិសេសបុណ្យភ្ជុំបិណ្ឌនាពេលថ្មីៗនេះ។ ដោយមើលឃើញពីតម្រូវការចាំបាច់លើកិច្ចការងារមនុស្សរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តនោះ ព្រះសង្ឃ អាចារ្យនិងគណៈកម្មការ វត្ត បានឯកភាពគ្នា ក៏បានចែករំលែកនូវ ថវិកា សម្ភារៈទាំងនោះជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្តដែលសកម្មភាពនេះតេងតែមានជាបន្តបន្ទាប់នាពេលកន្លងមកមិនដែលខកខាននោះឡើយ សម្រាប់យកទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយប្រការផ្សេងៗ ។
លោក ជំទាវ អាំង សុជាតា ខូយ រីដា បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះព្រះព្រហ្មាភិរ័តកែវ កន ព្រះមេគណខេត្ត ដែលមានព្រះទ័យយកចិត្តទុកដាក់បានផ្តល់នូវថវិកា សម្ភារនិងគ្រឿងឧបភោគ បរិភោគនាំសម្ភារៈដល់សាខាកាកបាទក្រហមកម្ពុជាខេត្តទាំងពេលនេះក៏ដូចនាពេលកន្លងមកមិនដែលខកខាននោះឡើយ ដែលនេះជាវប្បធម៌ចែករំលែក បង្ហាញពីសាមគ្គីភាពក្នុងសង្គមខ្មែរ។ ហើយការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាមានភាពច្បាស់លាស់ ចាំគោលដៅ ទើបមានការគាំទ្រនិងកាន់តែមានទំនុកចិត្តពីសំណាក់ ព្រះសង្ឃ អាជីវករ សប្បុសរជន ទាំងក្នុងនិងក្រៅខេត្តទើបធ្វើឱ្យសាខា មានលទ្ធភាពក្នុងកិច្ចការងារមនុស្សធម៌បានទាន់ពេលវេលា។
ក្នុងឱកាសនោះលោកជំទាវ បានថ្លែងថា ជានិច្ចកាលសាខាកាកបាទក្រហមកម្ពុជាខេត្តតែងតែចុះធ្វើសកម្មភាពចែកជូនអំណោយមនុស្សធម៌ទៅដល់ប្រជាពលរដ្ឋជួបកង្វះខាតស្បៀង ជនចាស់ជរាគ្មានទីពឹង អ្នកមានជំងឺរ៉ាំរ៉ៃ និងជនមានពិការភាពមិនបានប្រកាន់និន្នាការនយោបាយឬរើសអើងអ្វីឡើយ គឺឱ្យតែរងគ្រោះត្រូវបានការជួយឧបត្ថម្ភទៅតាស្ថានភាពជាក់ស្តែងស្របតាមទិសស្លោកទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហម។
សូមបញ្ជាក់ថា សម្ភារៈនិងថវិកាដែលបានប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់រួមមានអង្ករមួយតោន ទឹកក្រូវ៣០កេស ទឹកសុទ្ធអូរាល់៣០កេស មី១០កេសតូច ទឹកដោះគោ២០កំប៉ុង ស្កស១០គីឡូក្រាម តែ២០កញ្ចប់ ទឹកត្រី៣០យួរ ទឹកស៊ីអ៊ីវ៣០យួរ ធុងទឹកកក៣៣ បំពង់ទឹកក្តៅ៣៥ កុំសៀវ៥០ ខ្ទះ៥២ និងថវិកា២លានរៀល៕



