ទូរទស្សន៍រដ្ឋរបស់កូរ៉េខាងជើង KRT នៅថ្ងៃអាទិត្យ ១៣ តុលា បានចាក់ផ្សាយសេចក្តីថ្លែងការណ៍របស់លោកស្រី Kim Yo Jong ជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំលោក Kim Jong Un ដោយបានព្រមានទីក្រុងសេអ៊ូលអំពីគ្រោះមហន្តរាយដ៏អាក្រក់ ប្រសិនបើយានដ្រូនរបស់កូរ៉េខាងត្បូងត្រូវបានរកឃើញថាហោះហើរលើទីក្រុងព្យុងយ៉ាង។
ទូរទស្សន៍រដ្ឋរបស់កូរ៉េខាងជើង KRTដដែលនេះ ក៏បាននិយាយផងដែរថា លោកស្រីក៏បានរិះគន់យោធាកូរ៉េខាងត្បូងផងដែរ ជុំវិញការឆ្លើយតបរបស់ខ្លួនចំពោះការអះអាងរបស់កូរ៉េខាងជើងដែលថាយានដ្រូនរបស់កូរ៉េខាងត្បូងបានចូលទៅក្នុងអាកាសរបស់រដ្ឋធានីព្យុងយ៉ាង។
លោកស្រីត្រូវបានគេដកស្រង់សម្តី ដោយសំដៅលើខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើងថាការពិតដែលថាមធ្យោបាយផ្ទុកខិត្តប័ណ្ណតាមយានដ្រូនគឺជាដើមចមដ៏សំខាន់នៃភាពធ្ងន់ធ្ងរនៃឧប្បត្តិហេតុថ្មីៗនេះ។
កាលពីថ្ងៃសុក្រ ១១ តុលា ក្រសួងការបរទេសកូរ៉េខាងជើងបានចោទប្រកាន់កូរ៉េខាងត្បូងថាបានបញ្ជូនយានដ្រូនចូលទីក្រុងព្យុងយ៉ាងទាំងយប់ក្នុងសប្តាហ៍នេះ ហើយថាការឈ្លានពាននេះ ទាមទារឱ្យមានសកម្មភាពសងសឹក។ ជាការឆ្លើយតប អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា ខ្លួនមិនអាចបញ្ជាក់ពីការចោទប្រកាន់របស់កូរ៉េខាងជើងបានទេ។
កូរ៉េខាងជើងបានបង្ហោះបាឡុងរាប់ពាន់ផ្ទុកដោយសំរាម ទៅកាន់កូរ៉េខាងត្បូងចាប់តាំងពីខែឧសភាមក ដែលធ្វើឲ្យភាពតានតឹងរវាងប្រទេសបងប្អូនកូរ៉េទាំងពីរកាន់តែធ្ងន់ធ្ងរ៕