បាតុកររាប់ពាន់នាក់នៅក្នុងរដ្ឋ West Bengal របស់ប្រទេសឥណ្ឌាបានដើរដង្ហែរក្បួនតវ៉ាអមដោយភ្លើងពិលទូរស័ព្ទរបស់ពួកគេនៅចុងសប្ដាហ៍នេះ ដោយត្អូញត្អែរថារដ្ឋាភិបាលរដ្ឋពុំបានខិតខំប្រឹងប្រែងគ្រប់គ្រាន់ដើម្បីរកយុត្តិធម៌បន្ទាប់ពីការរំលោភសម្លាប់វេជ្ជបណ្ឌិតហាត់ការកាលពីខែសីហា។
ការរំលោភ សម្លាប់វេជ្ជបណ្ឌិតស្ត្រីវ័យ ៣១ ឆ្នាំនៅទីក្រុង Kolkata រដ្ឋធានីនៃរដ្ឋភាគខាងកើតនេះ បានបង្កឱ្យមានរលកនៃការតវ៉ាដោយក្រុមវេជ្ជបណ្ឌិតទាមទារសុវត្ថិភាពនៅកន្លែងធ្វើការកាន់តែរឹងមាំសម្រាប់ស្ត្រី និងយុត្តិធម៌សម្រាប់គ្រូពេទ្យដែលត្រូវបានសម្លាប់ ដោយជំរុញឱ្យតុលាការកំពូលរបស់ប្រទេសឥណ្ឌាបង្កើតក្រុមការងារពិសេសដើម្បីរក្សាសុវត្ថិភាពនៅមន្ទីរពេទ្យ។
វេជ្ជបណ្ឌិតវ័យក្មេងម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីបានធ្វើកូដកម្មអត់អាហារមិនកំណត់ពេលជាមួយបាតុករ៥នាក់ផ្សេងទៀត។ ក្រុមគ្រូពេទ្យបានចាប់ផ្តើមធ្វើកូដកម្មបង្អត់អាហាររបស់ពួកគេកាលពីថ្ងៃអាទិត្យ ៧ តុលា ដើម្បីតវ៉ាប្រឆាំងនឹងអ្វីដែលពួកគេនិយាយថាមានគ្រឿងបរិក្ខារ និងសន្តិសុខមិនគ្រប់គ្រាន់សម្រាប់វេជ្ជបណ្ឌិត ដែលភាគច្រើនមានវេនធ្វើការយូរនៅក្នុងមន្ទីរពេទ្យដែលមានអ្នកជំងឺច្រើន។
សមាគមវេជ្ជសាស្រ្ដឥណ្ឌា ដែលជាស្ថាប័នគ្រូពេទ្យដ៏ធំបំផុតរបស់ប្រទេសនេះ បានផ្ញើលិខិតមួយច្បាប់ទៅកាន់រដ្ឋមន្ត្រីប្រចាំរដ្ឋកាលពីថ្ងៃព្រហស្បតិ៍ ១០ តុលា ដោយអំពាវនាវឱ្យមានការយកចិត្តទុកដាក់ជាបន្ទាន់ចំពោះវេជ្ជបណ្ឌិតដែលកំពុងធ្វើកូដកម្ម។
ការទាមទាររបស់វេជ្ជបណ្ឌិតរួមមានការបង្កើនការការពារពីកងកម្លាំងនគរបាលនៅតាមមន្ទីរពេទ្យ និងការស៊ើបអង្កេតលើអ្វីដែលពួកគេនិយាយថាជាអំពើពុករលួយនៅក្នុងមហាវិទ្យាល័យវេជ្ជសាស្ត្រមួយចំនួន៕