ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ណែនាំទៅរដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្ដម ប្រាក់ សុខុន ឱ្យស្វែងរកការពន្យល់ឱ្យបានច្បាស់លាស់ពីរដ្ឋាភិបាលប្រទេសស៊ីប បន្ទាប់ពីមានការចុះផ្សាយថា សម្ដេចទទួលបានសញ្ជាតិរបស់ប្រទេសតំបន់អឺរ៉ុបមួយនេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងណែនាំបែបនេះទៅរដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្ដម ប្រាក់ សុខុន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅឯវិមានសន្តិភាពនៅព្រឹកថ្ងៃនេះ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ឯកឧត្ដម ប្រាក់ សុខុន ត្រូវតែធ្វើកិច្ចការងារនេះឱ្យបានល្អជាមួយនឹងរដ្ឋសាយប្រឹស [Cyprus]។ នេះគឺជាទំនាក់ទំនងរដ្ឋនឹងរដ្ឋ។ រដ្ឋទាំងពីរទទួលរងគ្រោះដូចគ្នា។ រាជរដ្ឋាភិបាលកម្ពុជា[បានទទួលរងនូវផល]ផលប៉ះពាល់មកលើមេដឹកនាំកម្ពុជា គឺនាយករដ្ឋមន្ត្រីកម្ពុជា»។
សារព័ត៌មានដឹហ្គាដៀន(The Guardian)របស់អង់គ្លេស បានចុះផ្សាយកាលពីថ្ងៃអាទិត្យកន្លងមកនេះថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ស្ថិតនៅក្នុងចំណោមមនុស្សទាំងឡាយដែលទទួលបានសញ្ជាតិស៊ីប(សាយប្រឹស) ជារដ្ឋដែនដីកោះមួយស្ថិតនៅសមុទ្រមេឌីទែរ៉ានេខាងកើត និងជារដ្ឋសមាជិកសហភាពអឺរ៉ុបផងដែរ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តថា «ឯសាយប្រឹសខ្លួនឯង ត្រូវខូចឈ្មោះដោយសារការចុះផ្សាយថា ហ៊ុន សែន ទិញសញ្ជាតិ និងមានប៉ាស្ព័រ [លិខិតឆ្លងដែន]។ អ៊ីចឹងទេ រដ្ឋទាំងពីរសុទ្ធតែរដ្ឋរងគ្រោះដូចគ្នាដោយសារតែសារព័ត៌មានដឹហ្គាដៀន[The Guarian]»។
ប៉ុន្តែ សារព័ត៌មានមួយនេះ បានកែតម្រូវអត្ថបទរបស់ខ្លួនវិញកាលពីថ្ងៃទី០៦ ខែតុលា ដោយថា ការចុះផ្សាយដំបូងរបស់ខ្លួន មិនត្រឹមត្រូវនោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា៖ «ពិតមែនតែសារព័ត៌មានហ្នឹងបានកែទៅហើយ ប៉ុន្តែ យើងត្រូវបញ្ជាក់រដ្ឋនឹងរដ្ឋជាមួយគ្នា។ បើចាំបាច់ ឯកឧត្ដម ប្រាក់ សុខុន ឬឯកឧត្ដម កើត រិទ្ធ ជួបរដ្ឋមន្ត្រីការបរទេស ឬរដ្ឋមន្ត្រីយុត្តិធម៌តាមប្រព័ន្ធវីដេអូ និយាយគ្នាឱ្យច្បាស់លាស់រឿងនេះ»៕
