បាល់ទាត់៖ ទីបំផុតចិនស្គាល់ជ័យជំនះដំបូងរបស់ខ្លួនហើយក្នុងការប្រកួតវគ្គជំរុះ World Cup តំបន់អាស៊ីជុំទី៣ ក្រោយយកឈ្នះវៀតណាមប្រផិតប្រផើយនៅចុងម៉ោង។ បន្ទាប់ពីចាញ់ពីរប្រកួតដំបូងដែលរួមមានចាញ់អូស្ត្រាលី និងជប៉ុន ក្រុមចិនបាននាំមុខទៅលើវៀតណាម ២គ្រាប់មុនដោយ Zhang Yunning និងខ្សែប្រយុទ្ធក្លិបអេស្ប៉ាញ Espanyol, Wu Lei។

តែក្រុមវៀតណាមថ្វីបើនៅសល់តែ ១០នាទីទៀតចប់ការប្រកួតក៏រកបាន ២គ្រាប់មកវិញតាមស្មើដោយ Ho Tan Tai នាទីទី៨០ និង Nguyen Tien Linh នាទីទី៩០។ ម៉ោងបន្ថែមបង្គ្រប់ចំនួន ៥នាទីឈានដល់នាទីទី៩០+៥ ទៅហើយចិនក៏រកបានគ្រាប់ជ័យជំនះដោយ Wu Lei ដដែល។ នេះជាជ័យជំនះដំបូងរបស់ចិនក្នុងពូល B នៃជុំទី៣ នេះតែពួកគេនៅឈរលេខ៥ មាន ៣ពិន្ទុពីលើវៀតណាមជាក្រុមតែមួយគត់ក្នុងពូលនេះដែលមិនទាន់មានពិន្ទុ។ ងាកមកជប៉ុនវិញបានស្គាល់បរាជ័យលើកទី២ ក្នុងចំណោម ៣ប្រកួតរបស់ខ្លួនបន្ទាប់ពីចាញ់នៅទឹកដីអារ៉ាប៊ីសាអ៊ូឌីត ១-០។ មួយគ្រាប់ជ័យជំនះសំរេចបានដោយ Firas Al-Buraikan នៅនាទីទី៧១។ ជប៉ុនកំពុងឈរលេខ៣ ក្នុងពូលនៅពេលនេះមាន ៣ពិន្ទុស្មើគ្នាជាមួយក្រុមលេខ៤ អូម៉ង់។

ចំណែកអារ៉ាប៊ីសាអ៊ូឌីតនៅតែបន្តឥតខ្ចោះក្នុងពូល B នេះក្រោយមាន ៩ពិន្ទុពេញដូចគ្នានឹងអូស្ត្រាលីដែលបានយកឈ្នះអូម៉ង់ ៣-១។ បីគ្រាប់របស់អូស្ត្រាលីសំរេចបានដោយ Awer Bul Mabil, Callie Boyle និង Thomas Duke។ ប្រកួតបន្ទាប់ថ្ងៃទី១២ នេះជប៉ុនជួបអូស្ត្រាលី, អារ៉ាប៊ីសាអ៊ូឌីតជួបចិន និងអូម៉ង់ជួបវៀតណាម៕
អត្ថបទ៖នាង សុភាវុធ