លោកប្រធានាធិបតីឥណ្ឌូនេស៊ីJoko Widodo គ្រោងនឹងចាកចេញពីតំណែង បន្ទាប់ពីអតីតគូប្រជែង លោក Prabowo Subianto ចូលកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៤នេះ ដោយបញ្ចប់អាណត្តិរយៈពេល ១០ ឆ្នាំដែលបានចាប់ផ្តើមដោយមានការគាំទ្រជាសាធារណៈស្ទើរតែជាឯកច្ឆ័ន្ទ ប៉ុន្តែបានបញ្ចប់ដោយការតវ៉ាដ៏រីករាលដាល និងការចោទប្រកាន់ពីបទអំពើពុករលួយ និងបក្ខពួកនិយម។

លោកនឹងត្រូវចុះចេញពីតំណែងនៅរសៀលថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៤នេះ នៅពេលតំណែងរបស់លោកនឹងត្រូវបានជំនួសដោយលោក Prabowo Subianto ។

ដោយកើតក្នុងឆ្នាំ១៩៦១ ក្នុងគ្រួសារមានឋានៈទាបមួយនៅទីក្រុង Solo ប្រទេសឥណ្ឌូនេស៊ី នៅលើកោះ ជ្វា (Java) រូបលោកគឺជាប្រធានាធិបតីឥណ្ឌូនេស៊ីដំបូងគេដែលមានប្រភពចេញពីខាងក្រៅស្ថាប័ននយោបាយ ឬយោធា។ រឿងរ៉ាវទាក់ទងនឹងទ្រព្យសម្បត្តិ និងវិធីសាស្រ្តបុគ្គលសាមញ្ញរបស់លោកបានធ្វើឱ្យលោកទទួលបានប្រជាប្រិយភាពខ្លាំងពីប្រជាជនឥណ្ឌូនេស៊ីភាគច្រើន។

លោក Widodo ត្រូវបានជាប់ឆ្នោតជាថ្មីនៅក្នុងឆ្នាំ ២០១៩ បន្ទាប់ពីទទួលបានសំឡេងគាំទ្រ៥៥ %ក្នុងការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសនេះ ដោយបានឈ្នះលើគូប្រជែងលោក Prabowo ដែលបានអះអាងពីជ័យជម្នះផងដែរ និងបានត្អូញត្អែរពីការលួចបន្លំយ៉ាងទូលំទូលាយ។
សន្ទុះគាំទ្ររបស់លោក Widodo បានធ្លាក់ចុះដល់កម្រិតទាបបំផុតនៅឆ្នាំនេះ ខណៈលោកបានត្រៀមចាកចេញពីតំណែង បន្ទាប់ពីជ័យជម្នះរបស់លោក Prabowo នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ នេះ ៕