ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ណែនាំឲ្យរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ពន្លឿនឲ្យឆាប់ចប់ក្នុងការចុះអនុស្សរណៈ (MOU) ជាមួយក្រុមហ៊ុន ឬភាគីពាក់ព័ន្ធក្នុងការកសាងផ្លូវដែក ដើម្បីជំរុញការដឹកជញ្ជូននៅប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ក្នុងឱកាសអញ្ជើញជាអធិបតីចូលរួមអបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃទី១៤ខែតុលា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ធ្វើយ៉ាងណាចចារឲ្យចប់សព្វគ្រប់ក្នុងដំណាច់ឆ្នាំនេះ ចំពោះផ្លូវដែកនេះ ខណៈផ្លូវដែកនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការដឹកជញ្ជូន មិនត្រឹមតែដឹកជញ្ជូនមនុស្សតែមួយប៉ុណ្ណោះទេ គឺធ្វើការដឹកបានទំនិញគ្រប់បែបយ៉ាងទាំងអស់ ដោយវាបានកាត់បន្ថយទាំងពេលវេលា និងការចំណាយជាដើម។
សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងផងដែរថា ដរាបណាយើងនិយាយអំពីវិស័យពាណិជ្ជកម្ម យើងត្រូវតែនិយាយអំពីវិស័យដឹកជញ្ជូន និងឡូជីស្ទីកផងដែរ ដូច្នេះហើយបានរាជរដ្ឋាភិបាលខិតខំពង្រឹង ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ទាំងផ្លូវគោក ទឹក និងអាកាសនោះ។
សម្តេច បានបន្ថែមថា រាជរដ្ឋាភិបាលនឹងពង្រឹង និងធ្វើនូវមជ្ឈមណ្ឌលភស្តុភារកម្ម ដោយបានរៀបចំនូវឡូជីស្ទីកហិប ដើម្បីសមស្របជាប្រទេសដែលមានសក្ដានុពលតភ្ជាប់ មានដំណើរការល្អ និងមានភាពទាក់ទាញ និងក៏ដើម្បីកាត់បន្ថយតម្លៃនៃការឆ្លងកាត់ជាដើម។
សម្តេចធិបតី លើកឡើងទៀតថា គម្រោងទាំងអស់នេះហើយដែលបានជួយច្រើនដល់ការពង្រឹង និងជំរុញវិស័យពាណិជ្ជកម្ម និងការទាក់ទាញអ្នកវិនិយោគនៅ ក្រៅប្រទេសឲ្យមកប្រទេសកម្ពុជា កាន់តែច្រើនបន្ថែមទៀតនោះ៕អត្ថបទបាន ចក់