អ៊ីរ៉ង់៖ ជម្លោះរវាងអ៊ីរ៉ង់ និងកូរ៉េខាងត្បូងកំពុងរីកកាន់តែធំ ដោយក្រុងតេអេរ៉ង់គំរាមចាត់វិធានការតាមផ្លូវច្បាប់ លុះត្រាតែទីក្រុងសេអ៊ូលបញ្ចេញថវិកាជាង ៧ពាន់លានដុល្លារអាមេរិកសម្រាប់ការដឹកជញ្ជូនប្រេង ដែលត្រូវបានបង្កកដោយសារតែទណ្ឌកម្មអាមេរិក។

សាធារណរដ្ឋអ៊ីស្លាមមួយនេះគឺជាដៃគូពាណិជ្ជកម្មមជ្ឈិមបូព៌ាធំទី៣ របស់កូរ៉េខាងត្បូង មុនពេលសហរដ្ឋអាមេរិកដកខ្លួនជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រវាងទីក្រុងតេអេរ៉ង់ និងមហាអំណាចពិភពលោក ហើយដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរឡើងវិញ។ ប្រទេសអ៊ីរ៉ង់គឺជាអ្នកផ្គត់ផ្គង់ប្រេងដ៏សំខាន់សម្រាប់ប្រទេសកូរ៉េខាងត្បូងដែលមានធនធានក្រីក្រ ហើយបាននាំចូលឧបករណ៍ឧស្សាហកម្ម សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងបន្លាស់យានយន្តពីទីក្រុងសេអ៊ូល។ តំណាងរាស្ត្រអ៊ីរ៉ង់លោក Alireza Salimi ដែលជាប់ពាក់ព័ន្ធនឹងករណីនេះបាននិយាយថា លុយរបស់យើងចំនួន ៧,៨ពាន់លានដុល្លារត្រូវបានផ្អឹបទុកនៅក្នុងធនាគារកូរ៉េខាងត្បូង។ លោកបានប្រាប់សារព័ត៌មាន AFP ថា ប្រទេសកូរ៉េខាងត្បូងបានទិញប្រេងរបស់ប្រទេសអ៊ីរ៉ង់ ប៉ុន្តែមិនបានបង់ប្រាក់ឲ្យទេ៕
អត្ថបទ៖ សុខមាន