នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ បានអំពាវនាវឱ្យអង្គការសហប្រជាជាតិដកកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ជាបេសកកម្មដែលហៅថា UNIFIL ចេញពីតំបន់ប្រយុទ្ធក្នុងប្រទេសលីបង់។

បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កំពុងប្រឈមមុខនឹងសម្ពាធថ្មី ខណៈកងកម្លាំងអ៊ីស្រាអែលបង្កើនប្រតិបត្តិការតាមអាកាស និងជើងគោក ប្រឆាំងក្រុមអ្នកប្រយុទ្ធហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ដែលបានបាញ់រ៉ូកែត និងកាំភ្លើងធំ ចូលទៅភាគខាងជើងប្រទេសអ៊ីស្រាអែល ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។

អ៊ីស្រាអែល បានអះអាងថា ក្រុមអ្នកប្រយុទ្ធហេសបូឡា បានធ្វើប្រតិបត្តិការនៅជិតមូលដ្ឋានកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ(UNIFIL) ដោយប្រើកម្លាំងរក្សាសន្តិភាពជាខែលការពារ។ ប៉ុន្តែ ក្រុមហេសបូឡា បានច្រានចោលការចោទប្រកាន់ទាំងនេះ។
អង្គការសហប្រជាជាតិ បានចោទប្រកាន់អ៊ីស្រាអែលពីការយាយី និងគំរាមកំហែងដល់កងកម្លាំងរបស់ពួកគេ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយកាលពីថ្ងៃអាទិត្យ ស្ថាប័នពិភពលោកមួយនេះ បានអះអាងថា រថក្រោះអ៊ីស្រាអែល បានសម្រុកឆ្លងកាត់ច្រកទ្វារនៃមូលដ្ឋានរបស់កងកម្លាំងរក្សាសន្តិភាព(UNIFIL) ។

លោក Netanyahu បានសុំទោសចំពោះគ្រោះថ្នាក់ដែលបានកើតឡើងចំពោះកងកម្លាំងរក្សាសន្តិភាព និងបាននិយាយថា សុវត្ថិភាពបំផុតសម្រាប់កងកម្លាំងនេះ គឺត្រូវដកខ្លួនចេញ។
ប៉ុន្តែគ្រោះថ្នាក់ដ៏មានសក្តានុពលដល់បេសកកម្មអន្តរជាតិ បានជំរុញឲ្យមានការរិះគន់អ៊ីស្រាអែលពីសំណាក់សម្ព័ន្ធមិត្តមួយចំនួន។