កោះកុង ៖ ក្នុងឱកាសថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២១នេះ ខេត្តកោះកុង ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង១ម៉ឺននាក់ បានមកលេងកម្សាន្ត តាមរមណីយដ្ឋាននានាក្នុងខេត្ត ក្រោមការអនុវត្តវិធានការសុខាភិបាល។
រយៈពេល៣ថ្ងៃ គិតពីថ្ងៃទី៥ដល់ថ្ងៃទី៧ ខែតុលា ខេត្តកោះកុង បានទទួលលំហូរភ្ញៀវទេសចរ មកលេងកម្សាន្ត និងស្នាក់នៅហូបចុកតាមរមណីយដ្ឋានធម្មជាតិនានា គ្រាខេត្តនេះ ខកខាតមានភ្ញៀវជិត២ឆ្នាំមកលេង ដោយសារការរីករាលដាលជំងឺកូវីដ១៩។
លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទសចរណ៍ខេត្តកោះកុង ឱ្យដឹងព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ថា អ្នកទេសចរដែលមកលេងកម្សាន្តមានប្រមាណ ១១.២៤៨នាក់ ក្នុងនោះអ្នកទេសចរបរទេសចំនួន ៩៣នាក់ បើធៀបនឹងឆ្នាំ២០២០ ថយចុះចំនួន ១៥.០០០នាក់ ស្មើ៥៧ភាគរយ។ ការថយចុះកំណើនភ្ញៀវទេសចរគឺព្រោះតែបញ្ហាជំងឺកូវីដ ក្នុងព្រឹត្តិការណ៍២០ កុម្ភៈ។
លោក បញ្ជាក់ទៀតថា លោកបានជំរុញដល់ម្ចាស់អាជីវកម្ម សេវាកម្ម ត្រូវគោលការណ៍តាមការណែនាំរបស់ក្រសួងទេសចរណ៍ឱ្យបានល្អប្រសើរទាំងគុណភាពចំណីអាហារ សេវាស្នាក់នៅ ព្រមទាំងអនុវត្តវិធានការសុខាភិបាលផងដែរ។
សម្រាប់លោក ជ័យ យឿន ប្រធានសហគមន៍អេកូធម្មជាតិព្រៃកោងកាងពាមក្រសោប អះអាងថា សហគមន៍របស់លោកបានរៀបចំសោភ័ណអនាម័យបរិស្ថានទៅតាមអ្វីដែលការជូនដំណឹងរបស់រដ្ឋបាលខេត្ត និងក្រសួងជំនាញ សម្រាប់ទទួលភ្ញៀវទេសចរដែលមានបំណងមកលេងកម្សាន្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។
លោក ជ័យ យឿន បានបន្ថែមទៀតថា រយៈពេល៣ថ្ងៃ អំឡុងថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌ សហគមន៍ពាមក្រសោប មានអ្នកទេសចរចូលកម្សាន្តលំហែកាយជិត៣ពាន់ ដោយមុនអនុញ្ញាតឱ្យចូលក្នុងសហគមន៍ គឺតម្រូវឱ្យអនុវត្តសុខាភិបាលជាចាំបាច់ដូចជា ៖ វ៉ាស់កំដៅ លាងដៃ នឹងអាល់កុល និងម៉ាស់ជាដើម។
គួរជម្រាបថា វិស័យទេសចរណ៍នៅខេត្តកោះកុង ហាក់កម្រើកឡើងវិញបន្តិចហើយ ក្រោយប្រមុខរដ្ឋាភិបាលកម្ពុជា បើកភ្លើងខៀវដល់ពលរដ្ឋ និងអ្នកទេសចរអាចធ្វើដំណើរទៅលេងកម្សាន្តនៅតាមរមណីយដ្ឋានធម្មជាតិនានាទូទាំងប្រទេស៕
អត្ថបទ ឈឹម មករា






