របាយការណ៍ថ្មីរបស់ធនាគារពិភពលោក បានបង្ហាញកាលពីថ្ងៃអាទិត្យ (១៣ តុលា) ថា ប្រទេសក្រីក្របំផុតទាំង២៦ របស់ពិភពលោក ដែលមានប្រជាជនក្រីក្របំផុតចំនួន ៤០% កំពុងស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុអាក្រក់បំផុតក្នុងពេលជិត ២០ឆ្នាំ ពោលគឺបានជំពាក់បំណុលច្រើនជាងពេលណាៗទាំងអស់ចាប់តាំងពីឆ្នាំ២០០៦មក ហើយកាន់តែងាយរងគ្រោះទៅនឹងមហន្តរាយធម្មជាតិ និងវិបត្តិផ្សេងៗ។

របាយការណ៍នេះបានរកឃើញថា ប្រទេសសេដ្ឋកិច្ចទាបទាំងនោះ បច្ចុប្បន្នមានភាពក្រីក្រខ្លាំងជាងតួលេខមធ្យមនៅមុនការរាតត្បាតនៃជំងឺកូវីដ១៩ ខណៈប្រទេសដទៃទៀតនៃពិភពលោក បានងើបឡើងវិញពីជំងឺរាតត្បាតនេះ និងបានបន្តគន្លងកំណើនសេដ្ឋកិច្ចរបស់ខ្លួន។

ធនាគារពិភពលោកនិយាយថា ប្រទេសមានសេដ្ឋកិច្ចក្រីក្របំផុតចំនួន២៦ ដែលត្រូវបានសិក្សា ផ្អែកលើប្រាក់ចំណូលប្រចាំឆ្នាំរបស់មនុស្សម្នាក់ៗតិចជាង ១.១៤៥ដុល្លារ កំពុងពឹងផ្អែកកាន់តែខ្លាំងឡើងលើជំនួយឥតសំណងរបស់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) និងប្រាក់កម្ចីអត្រាការប្រាក់ជិតស្មើសូន្យ ដោយសារការផ្តល់ហិរញ្ញប្បទានទីផ្សារបានរីងស្ងួតអស់។ សមាមាត្របំណុលជាមធ្យមរបស់ប្រទេសទាំងនោះទៅនឹងផលិតផលក្នុុងស្រុកសរុប GDP គឺចំនួន ៧២% ដែលជាកម្រិតខ្ពស់បំផុតរយៈពេល ១៨ឆ្នាំ។

ប្រទេសភាគច្រើននៅក្នុងការសិក្សានេះគឺស្ថិតនៅក្នុងអនុតំបន់សាហារ៉ាអាហ្រ្វិក ចាប់ពីប្រទេសអេត្យូពី រហូតដល់ប្រទេសឆាដ និងកុងហ្គោ ប៉ុន្តែបញ្ជីនេះក៏រួមបញ្ចូលអាហ្វហ្គានីស្ថាន និងយេម៉ែនផងដែរ។ របាយការណ៍បន្ថែមថា ពីរភាគបីនៃបណ្តាប្រទេសក្រីក្របំផុតទាំង២៦នោះ ស្ថិតក្នុងជម្លោះប្រដាប់អាវុធ ឬពិបាកក្នុងការរក្សាសណ្តាប់ធ្នាប់ដោយសារតែភាពផុយស្រួយនៃស្ថាប័ន និងសង្គម៕