រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi បានអះអាងជាថ្មីចំពោះការបដិសេធរបស់ប្រទេសហ្ស៊កដានី និងថ្កោលទោសចំពោះសេចក្តីស្នើច្បាប់របស់អ៊ីស្រាអែលចំនួនពីរ ដែលអាចរារាំងប្រតិបត្តិការរបស់ទីភ្នាក់ងារផ្តល់ជំនួយសង្គ្រោះប៉ាឡេស្ទីន UNRWA នៅក្នុងដែនដីប៉ាឡេស្ទីនកាន់កាប់។ សភារបស់ប្រទេសអ៊ីស្រាអែល បានអនុម័តសេចក្តីស្នើច្បាប់ចំនួនពីរកាលពីថ្ងៃអាទិត្យ ក្នុងគោលបំណងបញ្ចប់សកម្មភាព និងសិទ្ធិរបស់ទីភ្នាក់ងារ UNRWA ក្នុងប្រទេសអ៊ីស្រាអែល។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសហ៊្សកដានី បានឲ្យដឹងថា លោក Safadi បានចាត់ទុកសេចក្តីស្នើច្បាប់នេះថា ជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងជាការដកសិទ្ធិ និងសេវាសំខាន់ៗរបស់ពលរដ្ឋប៉ាឡេស្ទីន ដែលទទួលស្គាល់ដោយសហគមន៍អន្តរជាតិ ។

ក្នុងអំឡុងពេលកិច្ចប្រជុំរបស់លោកកាលពីថ្ងៃអាទិត្យជាមួយអគ្គស្នងការទីភ្នាក់ងារ UNRWA លោក Philippe Lazzarini លោកSafadi បានបញ្ជាក់ពីតម្រូវការសម្រាប់សហគមន៍អន្តរជាតិក្នុងការបដិសេធសេចក្តីស្នើច្បាប់បែបនេះដើម្បីបង្ហាញពីការគាំទ្រសម្រាប់ទីភ្នាក់ងារ UNRWA និងអាណត្តិរបស់ទីភ្នាក់ងារចាប់តាំងពីការចាប់ផ្តើម។
លោក Safadi និង លោក Lazzarini បានពិភាក្សាអំពីសកម្មភាពចាំបាច់ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់អ៊ីស្រាអែលចំពោះទីភ្នាក់ងារអង្គការសហប្រជាជាតិ ដោយសហការជាមួយដៃគូក្នុងតំបន់ និងអន្តរជាតិ ខណៈបានបញ្ជាក់អំពីសារៈសំខាន់នៃការផ្តល់ជំនួយផ្នែកនយោបាយ និងហិរញ្ញវត្ថុសម្រាប់ទីភ្នាក់ងារដើម្បីបន្តប្រតិបត្តិការសង្គ្រោះជីវិត។ ជាមួយគ្នានេះសម្ព័ន្ធអារ៉ាប់ (AL) និងប្រទេសអេហ្ស៊ីប ក៏បានថ្កោលទោសផែនការរបស់អ៊ីស្រាអែលក្នុងការដណ្តើមយកទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារ UNRWA នៅក្រុងហ្សេរុយសាឡឹមខាងកើត និងកែប្រែទីតាំងនេះទៅជាការទីតាំងទីលំនៅ។
យោងតាមសារព័ត៌មានអ៊ីស្រាអែល Israel Hayom បានរាយការណ៍ថា អាជ្ញាធរដែនដីរបស់ប្រទេសអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ថាស្ថិតក្នុងដំណាក់កាលត្រៀមរៀបចំផែនការរឹបអូសទីតាំងអង្គការសហប្រជាជាតិ និងសាងសង់លំនៅឋាននចំនួន១.៤៤០ខ្នង ។