ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាននិយាយកាលពីល្ងាចថ្ងៃអាទិត្យ ទី ១៣ ខែតុលាថា ប្រតិបត្តិការរបស់អង្គការសុខភាពពិភពលោក-និងអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បានរៀបចំដើម្បីផ្គត់ផ្គង់ឡើងវិញដល់មន្ទីរពេទ្យចំនួនពីរ នៅភាគខាងជើងតំបន់ហ្កាហ្សា។

លោកបានបង្ហោះនៅលើវេទិកាបណ្តាញផ្សព្វផ្សាយសង្គម X ថា «អង្គការសុខភាពពិភពលោក(WHO) និងដៃគូ នៅទីបំផុតបានទៅដល់មន្ទីរពេទ្យ Kamal Adwan និងមន្ទីរពេទ្យ Al-Sahaba កាលពីម្សិលមិញ បន្ទាប់ពីការប៉ុនប៉ងចំនួន៩លើក កាលពីសប្តាហ៍មុន។

លោកបាននិយាយថា បេសកកម្មនេះ ត្រូវបានបំពេញក្នុងពេលជម្លោះដែលនៅតែបន្ត។ លោកនិយាយថា អ្នកបើកបរត្រូវបានត្រួតពិនិត្យផ្នែកសន្តិសុខ ហើយថែមទាំងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍ត្រួតពិនិត្យ ដែលជាចំណាត់ការមិនអាចទទួលយកបាន។

អង្គការសុខភាពពិភពលោក(WHO) រិះគន់ជាប្រចាំចំពោះឧបសគ្គដែលអាជ្ញាធរអ៊ីស្រាអែល បានដាក់នៅតាមផ្លូវនៃបេសកកម្មផ្គត់ផ្គង់ និងបេសកកម្មជម្លៀសអ្នកជំងឺ។
លោក Tedros និយាយថា «បេសកកម្មតែមួយលើក គឺមិនគ្រប់គ្រាន់ទេ»។ វាមានតម្រូវការជានិរន្តរភាពសម្រាប់ការផ្គត់ផ្គង់ឡើងវិញដល់មន្ទីរពេទ្យ ដើម្បីរក្សាឱ្យនៅដំណើរការ និង ត្រូវមានការសម្រាប់ការសម្របសម្រួលដោយនិរន្តរភាពនៃបេសកកម្មមនុស្សធម៌ និងការធានាបានសុវត្ថិភាព សម្រាប់បុគ្គលិកមនុស្សធម៌ និងសម្រាប់បទឈប់បាញ់។