ប្រជាជនលីទុយអានី បានទៅកាន់ស្ថានីយបោះឆ្នោត កាលពីថ្ងៃអាទិត្យ ក្នុងការបោះឆ្នោតដែលគ្របដណ្តប់ដោយការព្រួយបារម្ភអំពីការចំណាយសម្រាប់ជីវភាពរស់នៅ និងការគំរាមកំហែងដែលអាចកើតមានពីប្រទេសជិតខាងរុស្ស៊ី ដោយគណបក្សប្រជាធិបតេយ្យសង្គមជាគណបក្សប្រឆាំង ត្រូវបានគេរំពឹងថានឹងលេចចេញជាគណបក្សធំបំផុត ប៉ុន្តែខ្វះសំឡេងភាគច្រើន។

គណបក្សចម្រុះស្តាំនិយមកណ្តាលរបស់នាយករដ្ឋមន្ត្រី លោកស្រី Ingrida Simonyte បានឃើញប្រជាប្រិយភាពរបស់ខ្លួន ធ្លាក់ចុះដោយសារតែអតិផរណាហក់ឡើងដល់២០% ក្នុងរយៈពេល២ឆ្នាំកន្លងទៅនេះ ដោយការធ្វើឱ្យសេវាសាធារណៈកាន់តែយ៉ាប់យ៉ឺន និងគម្លាតកាន់តែទូលំទូលាយរវាងអ្នកមាននិងអ្នកក្រ។

លោក Hendrikas Varkalis អាយុ៧៥ឆ្នាំ បាននិយាយបន្ទាប់ពីបានបោះឆ្នោតរបស់លោករួចនៅទីក្រុង Panevezys ថា «ខ្ញុំធុញទ្រាន់នឹងរដ្ឋាភិបាលចាស់ ខ្ញុំចង់បានអ្វីដែលថ្មី»។
រដ្ឋនៅតំបន់បាល់ទិកមួយនេះ មានប្រជាជន២,៩លាននាក់ មានប្រព័ន្ធបោះឆ្នោតកូនកាត់ដែលក្នុងនោះពាក់កណ្តាលនៃសភា ត្រូវបានជ្រើសរើសដោយការបោះឆ្នោតសំឡេងរួមជាមួយនឹងកម្រិត ៥% ដែលត្រូវការដើម្បីឈ្នះអាសនៈ ហើយពាក់កណ្តាលទៀត ត្រូវបានជ្រើសរើសតាមគោលការណ៍មណ្ឌល ជាដំណើរការដែលហុចប្រយោជន៍ដល់គណបក្សធំៗ។