រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ហ្គីលប៊ឺតតូ តេអូដូរ៉ូ (Gilberto Teodoro) បាននិយាយនៅថ្ងៃចន្ទ (១៤ តុលា) នេះថា ហ្វីលីពីន មានការសង្ស័យពីចេតនា និងភាពស្មោះត្រង់របស់ចិន ក្នុងការចរចាពីក្រមប្រតិបត្តិក្នុងតំបន់នៅក្នុងសមុទ្រចិនខាងត្បូង ទោះបីជាទីក្រុងម៉ានីល កំពុងទន្ទឹងរង់ចាំការបន្តពិភាក្សានោះក៏ដោយ ។

លោក Teodoro បាននិយាយថា ខណៈពេលដែលលោកប្រធានាធិបតី ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បានយល់ព្រមលើ “ការពិភាក្សាដោយស្មោះត្រង់” ជាមួយចិន ជុំវិញក្រមប្រតិបត្តិដែលបានពន្យារពេលជាយូរមកហើយនោះ លោកបានសង្ស័យពីភាពស្មោះត្រង់របស់ទីក្រុងប៉េកាំង។ លោក Teodoro បានប្រាប់អ្នកយកព័ត៌មានថា “ឥឡូវនេះនិយាយដោយស្មោះត្រង់ទៅ យើងមើលមិនឃើញភាពស្មោះត្រង់អ្វីនោះទេ”។

បណ្ដាមេដឹកនាំអាស៊ីអាគ្នេយ៍ បានអំពាវនាវកាលពីថ្ងៃអាទិត្យ សម្រាប់កិច្ចព្រមព្រៀងដ៏រហ័សស្តីពីក្រមប្រតិបត្តិសម្រាប់សមុទ្រចិនខាងត្បូងដោយផ្អែកលើច្បាប់អន្តរជាតិ បន្ទាប់ពីកំណើននៃការប្រឈមមុខដាក់គ្នានៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រ ដែលមានទំហំពាណិជ្ជកម្មមានតម្លៃ ៣សែនកោដិ៍ដុល្លារក្នុងមួយឆ្នាំ។

ចិន និងហ្វីលីពីន ប៉ះទង្គិចគ្នាជាបន្តបន្ទាប់នៅជិតដែនទឹកជម្លោះក្នុងសមុទ្រចិនខាងត្បូង ខណៈទីក្រុងប៉េកាំង បន្តអះអាងពីជំហរដោះស្រាយជម្លោះតាមការសន្ទនា។ ក្រមដែនសមុទ្រ ដែលអាចជួយបញ្ចៀសការប្រឈមមុខដាក់គ្នា និងការពារការប៉ះទង្គិចនោះ ត្រូវបានលើកឡើងជាច្រើនឆ្នាំមកហើយ ប៉ុន្តែកិច្ចពិភាក្សាដែលដឹកនាំដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មានដំណើរការយឺតយ៉ាវ៕