រាប់ចាប់ពីការទប់ស្កាត់ការវិនិយោគរហូតដល់ការពិចារណាផ្លាស់ប្តូរទៅក្រៅប្រទេស បណ្ដាអាជីវកម្មនៅសហរដ្ឋអាមេរិក ជាពិសេសក្រុមហ៊ុនចិន កំពុងប្រឈមមុខនឹងភាពចលាចលផ្នែកសេដ្ឋកិច្ចបន្ថែមទៀត នៅពេលដែលយុទ្ធនាការរបស់ប្រធានាធិបតី ចាប់ផ្តើមចូលទៅក្នុងស្ថានភាពប្រកួតប្រជែងខ្ពស់ ខណៈការបោះឆ្នោតខិតកាន់តែជិត ជាមួយនឹងការដាក់ពន្ធគយថ្មីបានដាក់ចេញ រួមទាំងការសន្យាដាក់ពន្ធបន្ថែមទៀត។

បេក្ខជនមកពីបក្សសាធារណរដ្ឋ លោក Donald Trump បានស្នើឡើងយ៉ាងហោចណាស់ពន្ធ ១០% លើការនាំចូល និងរហូតដល់ ៦០% លើទំនិញរបស់ចិន ដោយបង្កើនការយកពន្ធដែលលោកធ្លាប់បានដាក់ពីមុនលើទីក្រុងប៉េកាំង និងប្រទេសផ្សេងៗទៀត។

ទន្ទឹមនឹងនោះ បេក្ខភាពបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris ក៏បានបម្រើរដ្ឋបាលដែលភាគច្រើនរក្សាទុកពន្ធរបស់លោក Trump ហើយកាលពីខែមុនបានត្រៀមការដំឡើងពន្ធបន្ថែមទៀតលើផលិតផលចិន ចំនួន ១៨ពាន់លានដុល្លារ។

ពន្ធអាមេរិក បានដាក់បន្ទុកលើឧស្សាហកម្មជាច្រើន។ សមាគមសម្លៀកបំពាក់ និងស្បែកជើងអាមេរិក (AAFA) ប៉ាន់ប្រមាណថា តម្លៃលក់រាយបានកើនឡើងពី ៥% ទៅ ១០% ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០២០ មក។ អាជីវកម្មនានារំពឹងថាការដាក់ពន្ធនឹងនៅដដែល មិនថាអ្នកណាជាអ្នកឈ្នះការបោះឆ្នោតអាមេរិកទេ។
ការស្ទង់មតិខែកញ្ញា ដែលពាក់ព័ន្ធនឹងធនាគារ រីចម៉ុន (Richmond) និងធនាគារកណ្ដាលរបស់ក្រុង អាត្លង់តា (AFR) បានរកឃើញថា ចំនួន ៣០% នៃបណ្ដាក្រុមហ៊ុននៅអាមេរិក បានរាយការណ៍ពីការផ្អាក កាត់បន្ថយ ពន្យារពេល ឬលុបចោលគម្រោងវិនិយោគដោយសារតែភាពមិនច្បាស់លាស់នៃការបោះឆ្នោត៕