បាល់ទាត់៖ ក្រុមអ៊ីរ៉ង់បានបន្តស្ថិតិឈ្នះ ១០០% របស់ខ្លួនក្នុងការប្រកួតជំរុះ World Cup តំបន់អាស៊ីជុំទី៣ ក្នុងពូល A នេះក្រោយយកឈ្នះនៅទឹកដីអារ៉ាប់រួម ១-០ យប់មិញ។ គ្រាប់បាល់ជ័យជំនះរបស់អ៊ីរ៉ង់ធ្វើបានដោយខ្សែប្រយុទ្ធ Porto, Mehdi Taremi នៅនាទីទី៧០ ដែលធ្វើឱ្យក្រុមរបស់លោក Dragan Skocic បន្តគ្រប់គ្រងពូល A នេះដដែលមាន ៩ពិន្ទុពេញក្រោយឈ្នះទាំង ៣ប្រកួត។

ចំណែកអារ៉ាប់រួមក្រោមការដឹកនារបស់លោក Bert wan Marwijk អតីតគ្រូបង្វឹកក្រុមជំរើសជាតិហូឡង់នោះមានត្រឹម ២ពិន្ទុប៉ុណ្ណោះឈរលេខ៣ ស្មើគ្នាជាមួយលីបង់ និងអ៊ីរ៉ាក់។ អ៊ីរ៉ាក់ជួបគ្នាជាមួយលីបង់យប់មិញនៅទីក្រុងដូហាប្រទេសកាតាបញ្ចប់ត្រឹមលទ្ធផលស្មើគ្នា ០-០។ ចំណែកមួយគូទៀតក្រុមកូរ៉េខាងត្បូងបានយកឈ្នះស៊ីរី ២-១ ដើម្បីបន្តដេញតាមក្រុមកំពូលតារាងអ៊ីរ៉ង់។ Hwang In-beom ជាអ្នកបើកការនាំមុខមុនឱ្យកូរ៉េនៅនាទីទី៤៧ មុនពេលដែលស៊ីរីតាមស្មើវិញនៅនាទីទី៨៣ ដោយ Omar Kharbin។
គ្រាប់ជ័យជំនះរបស់កូរ៉េត្រូវបានសំរេចដោយខ្សែប្រយុទ្ធ Spurs, Heung-min Son នៅនាទីទី៨៨។ បីពិន្ទុនេះកូរ៉េបន្តឈរលេខ២ ក្នុងពូល A នេះដេញពីក្រោយក្រុមកំពូលតារាងអ៊ីរ៉ង់ ២ពិន្ទុ។ ប្រកួតបន្ទាប់នៅថ្ងៃទី១២ អ៊ីរ៉ង់ទទួលកូរ៉េ, អារ៉ាប់រួមទទួលអ៊ីរ៉ាក់ និងស៊ីរីជួបលីបង់៕
អត្ថបទ៖នាង សុភាវុធ