ក្រុមអ្នកជំនាញ បាននិយាយបន្ទាប់ពីគណៈកម្មាធិការពានរង្វាន់ណូបែលសន្តិភាព ជំរុញឱ្យមានការប្រឆាំងនឹងភាពចុះខ្សោយនៃ “បម្រាមនុយក្លេអ៊ែរ” ថា មហាអំណាចពិភពលោកដែលមានអាវុធនុយក្លេអ៊ែរ មិនមានបំណងបោះបង់ចោលគ្រាប់បែកអាតូមិក ដែលជាផ្នែកដ៏សំខាន់នៃយុទ្ធសាស្ត្រយោធារបស់ខ្លួនឡើយ។

គណៈកម្មាធិការណូបែល បាននិយាយកាលពីថ្ងៃសុក្រ (១១ តុលា) សប្ដាហ៍មុនថា ការវាយប្រហារដោយគ្រាប់បែកអាតូមិកលើទីក្រុងទាំងពីររបស់ប្រទេសជប៉ុន គឺក្រុង ហ៊ីរ៉ូស៊ីម៉ា (Hiroshima) និង ណាហ្កាសាគិ (Nagasaki) ក្នុងឆ្នាំ១៩៤៥ បាននាំឱ្យមាន “បម្រាមនុយក្លេអ៊ែរ” ប៉ុន្តែបម្រាមបានស្ថិតនៅក្រោម “សម្ពាធ” តាំងពីពេលនោះមក។

ក្រុមអ្នកជំនាញនិយាយថា ខណៈពេលដែលពុំមានប្រទេសអាវុធនុយក្លេអ៊ែរណាមួយ បានប្រើអាវុធទាំងនោះក្នុងសង្រ្គាមចាប់តាំងពីឆ្នាំ១៩៤៥មក ការគំរាមកំហែងដោយចេតនា ឬច្បាស់លាស់ដើម្បីធ្វើដូច្នេះគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តទប់ស្កាត់របស់ឃ្លាំងអាវុធពួកគេ។ ជាឧទាហរណ៍ ទីក្រុងមូស្គូ បានរគំរាមប្រើនុយក្លេអ៊ែរម្តងហើយម្តងទៀតក្នុងបំណងរារាំងលោកខាងលិចមិនឱ្យគាំទ្រអ៊ុយក្រែន។

ជាមួយគ្នានេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមានពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ “ដោយមិនស្ទាក់ស្ទើរ” ប្រសិនបើត្រូវបានវាយប្រហារដោយកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តគឺអាមេរិក។ ហើយនៅមជ្ឈិមបូព៌ា អ៊ីស្រាអែល ដែលជារដ្ឋប្រដាប់អាវុធនុយក្លេអ៊ែរតែមួយគត់ក្នុងតំបន់ បានប្តេជ្ញាឆ្លើយតប “យ៉ាងបង្ហូរឈាម ជាក់លាក់ និងគួរឱ្យភ្ញាក់ផ្អើល” ចំពោះការវាយប្រហារដោយផ្ទាល់ពីអ៊ីរ៉ង់ លើទឹកដីអ៊ីស្រាអែល កាលពីថ្ងៃទី០១ ខែតុលា ខណៈទីក្រុងតេអេរ៉ង់ ក៏គំរាម “ការឆ្លើយតបខ្លាំងក្លាត្រឡប់ទៅវិញ”។
គោលលទ្ធិនុយក្លេអ៊ែរស្តង់ដារ ដែលបង្កើតឡើងក្នុងអំឡុងសង្គ្រាមត្រជាក់រវាងមហាអំណាចសហរដ្ឋអាមេរិក និងសហភាពសូវៀត ត្រូវបានផ្អែកលើការសន្មតថា អាវុធបែបនេះនឹងមិនចាំបាច់ត្រូវប្រើនោះទេ ព្រោះឥទ្ធិពលរបស់វាមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំងក្លា ហើយដោយសារតែការសងសឹកនុយក្លេអ៊ែរ ប្រហែលជានាំមកនូវការបំផ្លិចបំផ្លាញស្រដៀងគ្នានេះនៅលើអ្នកដែលប្រើប្រាស់ផងដែរ៕