លោក Donald Trump បានសន្យាកាលពីថ្ងៃអាទិត្យ (១៣ តុលា) ថានឹងជួលភ្នាក់ងារល្បាតព្រំដែនចំនួន ១០.០០០នាក់បន្ថែម ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីម្តងទៀត ខណៈបង្កើនការវាយប្រហាររបស់ខ្លួនប្រឆាំងនឹងលោកស្រី Kamala Harris លើបញ្ហាអន្តោប្រវេសន៍។

បេក្ខជនប្រធានាធិបតីនៃបក្សសាធារណរដ្ឋរូបនេះ បាននិយាយានៅក្នុងការប្រមូលផ្តុំយុទ្ធនាការមួយនៅរដ្ឋព្រំដែននៃរដ្ឋប្រទាញប្រទង់ Arizona ថា លោកនឹងសម្រេចបានគោលដៅនោះដោយស្នើឱ្យសភាសហរដ្ឋអាមេរិក ផ្តល់មូលនិធិដល់ការដំឡើងប្រាក់ឈ្នួល ១០% សម្រាប់ភ្នាក់ងារល្បាតព្រំដែន ព្រមទាំងប្រាក់រង្វាន់លើកទឹកចិត្ត និងប្រាក់សម្រាប់ចុះកិច្ចសន្យាការងារសរុបចំនួន ១០.០០០ដុល្លារ។

ដោយឈរនៅលើវេទិកាអមដោយមេដឹកនាំសហជីពល្បាតព្រំដែន ដែលបានគាំទ្រខ្លួន លោក Trump បាននិយាយថា “នេះនឹងធានាថាយើងអាចជួល និងរក្សាភ្នាក់ងារល្បាតព្រំដែនដែលត្រូវការ”។

អតីតប្រធានាធិបតីរូបនេះ កំពុងស្ថិតក្នុងការប្រកួតប្រជែងគ្នាយ៉ាងជិតស្និទ្ធជាមួយអនុប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោកស្រី Harris នៅមុនការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា។ ការស្ទង់មតិបង្ហាញថា អន្តោប្រវេសន៍ខុសច្បាប់គឺជាក្ដីកង្វល់ចម្បងមួយរបស់អ្នកបោះឆ្នោត ហើយលោក Trump ត្រូវបានមើលឃើញដោយអ្នកបោះឆ្នោតភាគច្រើនថាជាមនុស្សម្នាក់គត់ដែលអាចដោះស្រាយបញ្ហានេះបានល្អបំផុត៕