ពលរដ្ឋខ្មែរចងចាំមិនភ្លេចស្នាព្រះហស្ដ ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។ បើគិតត្រឹមថ្ងៃទី១៥ ខែតុលាស្អែកនេះ គឺជាខួប១២ព្រះវស្សា (១៥ តុលា ២០១២-១៥ តុលា ២០២៤) នៃការយាងចូលព្រះទិវង្គត ព្រះបរមរតនកោដ្ឋ។
ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែតុលានេះ បានប្រាប់BTVឱ្យដឹងថា ក្នុងនាមប្រជាពលរដ្ឋខ្មែរកើតទាន់សម័យព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ គ្រប់គ្រងប្រទេសជាតិ នាសម័យកាលនោះ បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ។ លើសពីនេះ ប្រជាពលដ្ឋបានបង្ហាញការចងចាំមិនភ្លេចស្នាព្រះហស្ដ ដែលាមានជាច្រើន ជាជាពិសេស គុណូបការៈ ថ្ងៃរំដោះប្រទេសកម្ពុជាពីអាណានិគមបារាំង ៩ វិច្ឆិកា ១៩៥៣។
ព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណ ភាពទឹកដី និងឯកភាពជាតិខ្មែរ ប្រសូតនៅទី៣១ ខែតុលា ឆ្នាំ១៩២២ ស្ថិតនៅក្នុងរាជធានីភ្នំពេញ។ ទ្រង់យាងចូលទិវង្គត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ស្ថិតនៅទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះជរាពាធ ក្នុងជន្មាយុ៩០ព្រះវស្សា។
ចំពោះស្នាព្រះហស្ដ ព្រះអង្គបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ មានជាច្រើនដែលក្នុងនោះរួមមាន៖ ទាមទារឯក រាជ្យពីអាណានិគមបារាំងជូនជាតិមាតុភូមិ, ទាមទារប្រាសាទព្រះវិហារពីប្រទេសថៃ, បង្កើតសមិទ្ធផលជា ច្រើននៅក្នុងសម័យសង្គមរាស្រ្តនិយម, សាងសង់វិមានឯករាជ្យភ្នំពេញ, បង្កើតមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងកសាងពហុកីឡដ្ឋានជាតិអូឡាំពិកជាដើម៕ អត្ថបទ៖ ទូច សោភ័ណ



