ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានអបអរសាទរអង្គការ Nihon Hidankyo ជាអង្គការរបស់ប្រទេសជប៉ុន ដែលតំណាងឱ្យអ្នកនៅរស់រានមានជីវិតពីការទម្លាក់គ្រាប់បែកបរមាណូនៅក្នុងឆ្នាំ១៩៤៥ នៅទីក្រុង Hiroshima និងទីក្រុង Nagasaki សម្រាប់ការទទួលបានរង្វាន់ណូបែលសន្តិភាពនៅឆ្នាំនេះ។ សេតវិមាន បានចេញផ្សាយសេចក្តីថ្លែងការណ៍របស់លោក Biden កាលពីថ្ងៃអាទិត្យ រយៈពេលពីរថ្ងៃ បន្ទាប់ពីគណៈកម្មាធិការណូបែលប្រទេសន័រវេស បានប្រកាសថា អង្គការនេះ ជាអ្នកឈ្នះរង្វាន់។

សេចក្តីថ្លែងការណ៍របស់លោក Biden និយាយថា «អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ សមាជិករបស់អង្គការ Nihon Hidankyo បានក្លាយជាភស្តុតាងរបស់មនុស្សចំពោះចំនួនអ្នកស្លាប់ ដោយសារអាវុធនុយក្លេអ៊ែរដ៏មហន្តរាយ ដោយបានប្រាប់រឿងរ៉ាវដែលមនុស្សចាំបាច់ត្រូវស្តាប់។

លោកនិយាយថា «ជំនួសមុខឱ្យសហរដ្ឋអាមេរិក ខ្ញុំសូមអបអរសាទរចំពោះអង្គការ Nihon Hidankyo ដែលបានទទួលរង្វាន់ណូបែលសន្តិភាព សម្រាប់ការងារជាប្រវត្តិសាស្ត្ររបស់ពួកគេ ដើម្បីធានាបានថា អាវុធនុយក្លេអ៊ែរ នឹងមិនត្រូវបានប្រើប្រាស់ជាថ្មីម្តងទៀតឡើយ» ។
លោក Biden និយាយថា «ដូចដែលខ្ញុំបានរំលឹកឡើងខ្លាំងៗកាលពីឆ្នាំមុន នៅពេលដែលខ្ញុំបានទៅធ្វើទស្សនកិច្ចនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ហើយបានជួបជាមួយអ្នករស់រានមានជីវិតពីការទម្លាក់គ្រាប់បែកនោះ យើងត្រូវបន្តធ្វើឱ្យមានការវិវឌ្ឍន៍ឆ្ពោះទៅរកថ្ងៃដែលយើងអាចបំបាត់អាវុធនុយក្លេអ៊ែរពិភពលោក និងបំបាត់ជារៀងរហូត។
ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ា កាលពីខែឧសភាឆ្នាំមុន លោក Biden ក៏បានសរសេរសារមួយ នៅឯសារមន្ទីរអនុស្សាវរីយ៍សន្តិភាពផងដែរ។
លោក Biden និយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកថា «សហរដ្ឋអាមេរិក ត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងកិច្ចពិភាក្សាជាមួយប្រទេសរុស្ស៊ី ចិន និងប្រទេសកូរ៉េខាងជើង ដោយគ្មានលក្ខខណ្ឌជាមុន ដើម្បីកាត់បន្ថយការគំរាមកំហែងនុយក្លេអ៊ែរ។