នៅតាមដងផ្លូវដែលធ្លាប់មានជីវិតដ៏រស់រវើកក្នុងទីក្រុងបេរូត នៅពេលនេះមានសភាពស្ងប់ស្ងាត់ ខណៈជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ បានរាលដាលនៅក្នុងប្រទេសលីបង់។ នៅតំបន់មួយក្នុងទីក្រុង ជាកន្លែងដែលបារ និងភោជនីយដ្ឋាន ធ្លាប់មានមនុស្សច្រើន ពេលនេះតាមដងផ្លូវភាគច្រើនស្ងាត់ជ្រងំ ខណៈពលរដ្ឋ និយាយអំពីការភ័យខ្លាច និងភាពមិនច្បាស់លាស់ របស់ពួកគេ។

ពលរដ្ឋម្នាក់ឈ្មោះ Azzam បាននិយាយថា មុនពេលដែលនាងបានមកទៅនេះ នាងបានបួងសួងជិត១០ដង ដោយអង្គុយនៅភោជនីយដ្ឋានស្ងាត់មួយកន្លែង។ នាង Azzam និយាយថា យើងនៅបន្តចេញទៅខាងក្រៅ ប៉ុន្តែយើងក៏ខ្លាចថានឹងមានអ្វីកើតឡើងផងដែរ វាគួរឱ្យខ្លាច ហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកយើង អាចធ្វើអ្វីបានទេ។

មិត្តភ័ក្តិរបស់នាង ឈ្មោះ Zeina Bourji អាយុ២០ ឆ្នាំ និយាយថា នាងចាំបាច់ត្រូវចេញទៅក្រៅ ដើម្បី ផ្លាស់ប្តូរបរិយាកាស បន្ទាប់ពីភ័យខ្លាចនូវអ្វីដែលអាចកើតឡើងនៅលំនៅឋាន។
នៅតំបន់ Badaro ជាតំបន់ដ៏ពេញនិយមសម្រាប់ការកម្សាន្តនៅពេលយប់នៅចំកណ្តាលទីក្រុងបេរូត អាជីវកម្មកំពុងជួបការលំបាកក្នុងការទប់ទល់ដើម្បីឲ្យនៅបើកដំណើរការ។ លោក Bassam អ្នកគ្រប់គ្រងបារមួយកន្លែង បានពន្យល់ថា កន្លែងជាច្រើនបើកត្រឹមតែកន្លះថ្ងៃប៉ុណ្ណោះ ប៉ុន្តែពុំសូវមានមនុស្សចូលមកនោះទេ។
ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បានផ្ទុះឡើងកាលពីមួយឆ្នាំកន្លងទៅនេះ នៅពេលដែលក្រុមគាំទ្រដោយអ៊ីរ៉ង់ បានចាប់ផ្តើមបាញ់គ្រាប់រ៉ូកែតទៅភាគខាងជើងអ៊ីស្រាអែល ដើម្បីគាំទ្រដល់ក្រុមហាម៉ាស នៅពេលចាប់ផ្តើមសង្រ្គាមតំបន់ហ្កាហ្សា។ សង្គ្រាមកាន់តែខ្លាំងឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកនៅភាគខាងត្បូងប្រទេសលីបង់ តំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត និងជ្រលងភ្នំ Bekaa ដោយបានសម្លាប់មេដឹកនាំជាន់ខ្ពស់របស់ក្រុមហេសបូឡា ជាច្រើននាក់ និងបានបញ្ជូនកងទ័ពជើងគោកឆ្លងកាត់ព្រំដែន។