ការិយាល័យប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយក្រុមហាម៉ាសកាលពីថ្ងៃអាទិត្យ បានចោទប្រកាន់ថា កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៣០០នាក់ នៅភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីបក្នុងរយៈពេល ៨ថ្ងៃ កន្លងទៅនេះ។

នៅក្នុងសន្និសិទសារព័ត៌មានដែលធ្វើឡើង នៅមន្ទីរពេទ្យ Al-Aqsa ក្នុងទីក្រុង Deir al-Balah នៃតំបន់ហ្កាហ្សាភាគកណ្តាល លោក អ៊ីស្មេល អាល់ថាវ៉ាបតា (Ismail al-Thawabta) ប្រធានការិយាល័យប្រព័ន្ធផ្សព្វផ្សាយ បានពណ៌នាស្ថានភាព នៅភាគខាងជើងហ្កាហ្សាថា ជា «ឃាតកម្មជាប្រព័ន្ធ និងការឡោមព័ទ្ធទាំងស្រុងប្រឆាំងនឹងជនស៊ីវិល»។

លោកបានបន្ថែមថា កងទ័ព កំពុងព្យាយាមធ្វើឲ្យដួលរំលំប្រព័ន្ធថែទាំសុខភាព ក្នុងគោលបំណងប្រែក្លាយតំបន់ហ្កាហ្សាភាគខាងជើង ទៅជាតំបន់ដែល«ត្រូវបំផ្លិចបំផ្លាញ និងរងការខូចខាតទាំងស្រុង»។ លោក អាល់ថាវ៉ាបតា បានកត់សម្គាល់ថា កងទ័ព បានរារាំងក្រុមជួយសង្គ្រោះពីការ«ទាញយកសាកសពចេញពីផ្លូវ»។
លោក អាល់ថាវ៉ាបតា បានចោទប្រកាន់ថា សកម្មភាពទាំងនេះ កំពុងត្រូវបានអនុវត្ត «ជាប្រព័ន្ធ ដោយចេតនា និងដោយមានការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋបាលសហរដ្ឋអាមេរិក»។
សម្រាប់ផ្នែករបស់ខ្លួន ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យថា ការបន្តប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅភាគខាងជើងហ្កាហ្សា គឺជា «ទង្វើនៃការសម្លាប់រង្គាល» ដោយមិនខ្វល់ពីច្បាប់ ឬកាតព្វកិច្ចណាមួយ ហើយពឹងផ្អែកលើការគាំទ្ររបស់សហរដ្ឋអាមេរិក។