រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្គាឡែនធ៍ ( Yoav Gallant) បានសន្យាថា អ៊ីស្រាអែល នឹងមិនអនុញ្ញាតឲ្យក្រុម ហេសបូឡា ត្រឡប់ទៅកន្លែងតាំងទីលំនៅតាមព្រំដែននៅភាគខាងត្បូងប្រទេសលីបង់ បន្ទាប់ពីប្រតិបត្តិការរបស់ខ្លួន នៅក្នុងតំបន់នេះ បានបញ្ចប់ក៏ដោយ។

លោកបាននិយាយនៅពេលធ្វើដំណើរទៅកាន់ព្រំដែនអ៊ីស្រាអែលថា៖«ទាំងនេះ គឺជាគោលដៅយោធាដែលមានផ្លូវរូងក្រោមដី និងឃ្លាំងផ្ទុកអាវុធ» នៅក្នុងភូមិលីបង់ក្បែរព្រំដែនជាមួយអ៊ីស្រាអែល។ «កងទ័ពរបស់យើង បានរកឃើញកាំភ្លើងដាក់គងលើស្មាបាញ់គ្រាប់រ៉ូកែត( RPG) រាប់រយដើម គ្រាប់រំសេវ និងមីស៊ីលប្រឆាំងរថក្រោះ នៅទីនេះ។ កងកម្លាំងការពារអ៊ីស្រាអែល (IDF)បច្ចុប្បន្ន កំពុងបំផ្លាញអាវុធទាំងនេះ ទាំងនៅលើដីនិងក្រោមដី»។

លោក ហ្គាឡែនធ៍ បានសង្កត់ធ្ងន់ថា៖«ខ្ញុំបានណែនាំកងកម្លាំងការពារអ៊ីស្រាអែល នៅគ្រប់កម្រិតទាំងអស់ ឲ្យធានាការបំផ្លិចបំផ្លាញ [ហេដ្ឋារចនាសម្ព័ន្ធវាយប្រហារ] និងដើម្បីធានាថា ក្រុមភេរវករ មិនអាចត្រឡប់ ទៅកន្លែងទាំងនេះវិញបានទេ»។ នេះជាការចាំបាច់ ដើម្បីធានាសុវត្ថិភាពរបស់សហគមន៍ភាគខាងជើងរបស់អ៊ីស្រាអែល»។
អ៊ីស្រាអែល បាននិងកំពុងធ្វើការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំលើគោលដៅយោធារបស់ក្រុម ហេសបូឡា នៅក្នុងប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី ២៣ ខែកញ្ញា នៅពេលដែលខ្លួន បានបើកប្រតិបត្តិការ Northern Arrows។ គោលដៅដែលបានប្រកាសរបស់អ៊ីស្រាអែលគឺ បង្កើតលក្ខខណ្ឌសុវត្ថិភាព នៅក្នុងតំបន់ភាគខាងជើងរបស់ប្រទេសនេះ ដើម្បីឲ្យអ្នកស្រុករាប់ម៉ឺននាក់ អាចត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ។