ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា សំណើកែប្រែមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញកម្ពុជា គឺដើម្បីបញ្ចៀសការជ្រៀតជ្រែកពីបរទេសចូលមកក្នុងកិច្ចការប្រទេសកម្ពុជា ដែលសម្ដេចមើលឃើញថា នេះគឺជាផលប្រយោជន៍រយៈពេលវែងសម្រាប់កម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដូច្នេះនៅក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃសុក្រនេះ ដែលសំណើកែប្រែមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ ក៏ត្រូវបានដាក់ចូលនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំនេះផងដែរ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «តែវាមានផលប្រយោជន៍រយៈពេលវែងសម្រាប់ប្រទេសកម្ពុជា ដើម្បីបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស និងបង្ហាញភក្ដីភាពចំពោះជាតិមាតុភូមិ។ ហេតុអ្វីមិនហ៊ានយកសញ្ជាតិតែមួយ ហើយមកចង់ដណ្ដើមយកកៅអីនាយករដ្ឋមន្ត្រី ហើយកន្លែងនេះ វាមានទំនាស់ផលប្រយោជន៍»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យមានការកែប្រែមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញកម្ពុជា ដោយសារសំដៅឱ្យមេដឹកនាំនៃស្ថាប័នកំពូលៗទាំងបួនរបស់កម្ពុជា ត្រូវតែមានសញ្ជាតិតែមួយ។ ស្ថាប័នកំពូលទាំងបួន ដែលតម្រូវឱ្យមេដឹកនាំត្រូវមានសញ្ជាតិកម្ពុជាតែមួយនោះ មានក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា និងនាយករដ្ឋមន្ត្រី។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា៖ «ការជ្រៀតជ្រែកពីបរទេសទៅលើតំណែងដ៏សំខាន់នេះ គឺវាអាចកើតមានច្បាស់ ព្រោះអ្នកមានសញ្ជាតិពីរត្រូវបង់ពន្ធឱ្យក្រៅប្រទេស។ អ៊ីចឹងទេ គេអាចកំឡាថា បើសិនមិនធ្វើតាមគេ ទ្រព្យសម្បត្តិរបស់អ្នកឯងនៅក្រៅប្រទេស គេនឹងរឹបអូស ឬធ្វើស្អីៗអ៊ីចឹងទៅ។ ដូច្នេះ វានៅក្រោមឥទ្ធិពលគេ។»។
សម្ដេចតេជោ ហ៊ុន សែន ក៏មានប្រសាសន៍ផងដែរថា សំណើកែប្រែមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញនេះ នឹងបញ្ជាក់ឱ្យបានច្បាស់លាស់សម្រាប់សម្ដេចផងដែរ បន្ទាប់ពីមានការចុះផ្សាយចោទប្រកាន់នាពេលថ្មីៗនេះថា សម្ដេចបានទិញសញ្ជាតិស៊ីប[Cyprus]។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ទីពីរដើម្បីបញ្ជាក់ឋានៈរបស់ ហ៊ុន សែន ឱ្យបានស្រូតបំផុតតាមតែអាចធ្វើទៅបាន។ នៅពេលធម្មនុញ្ញចូលជាធរមានហើយ គឺឋានៈនាទីរបស់ ហ៊ុន សែន ត្រូវបានបញ្ចប់ ព្រោះដោយសារតែគេបានចោទប្រកាន់ថា ហ៊ុន សែន មានសញ្ជាតិពីរ ប៉ុន្តែ បើសិន ហ៊ុន សែន អត់មានសញ្ជាតិពីរទេ ហ៊ុន សែន នៅតែបន្ត[ដឹកនាំប្រទេស]»។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា នៅពេលសំណើកែប្រែមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញនេះចូលជាធរមានហើយ អ្នកនយោបាយមានសញ្ជាតិពីរ ដែលប៉ុនប៉ងប្រកួតប្រជែងសម្រាប់តំណែងដឹកនាំស្ថាប័នកំពូលទាំងបួននេះ នឹងត្រូវបញ្ចប់ជាស្ថាពរ៕
