កូរ៉េខាងត្បូងកាលពីអាទិត្យ បានព្រមានកូរ៉េខាងជើងថា ប្រទេសនេះ នឹងឃើញ«ការបញ្ចប់នៃរបបរបស់ខ្លួន»ប្រសិនបើបង្កគ្រោះថ្នាក់ដល់ប្រជាជនរបស់ខ្លួន បន្ទាប់ពីកូរ៉េខាងជើង បានគំរាមកំហែង «គ្រោះមហន្តរាយដ៏អាក្រក់»ជុំវិញការបង្ហោះយានដ្រូនរបស់ទីក្រុងសេអ៊ូល នៅពីខាងលើរដ្ឋធានីរបស់ខ្លួននោះ។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍ បន្ទាប់ពីលោកស្រី គីម យ៉ូ ចុង ( Kim Yo-jong) ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong-un) បានធ្វើការគំរាម នៅក្នុងអត្ថាធិប្បាយដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួន មួយថ្ងៃបន្ទាប់ពីរដ្ឋឯកោនេះ បានអះអាងថា កូរ៉េខាងត្បូង បានបង្ហោះយានដ្រូននៅពីខាងលើទីក្រុងព្យុងយ៉ាង ចំនួនបីដង ក្នុងខែនេះ។
ក្រសួងការពារជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយទៅកាន់អ្នកសារព័ត៌មានថា៖«យើងព្រមានយ៉ាងច្បាស់ថា ប្រសិនបើកូរ៉េខាងជើង បង្កគ្រោះថ្នាក់ដល់សុវត្ថិភាពប្រជាជនរបស់យើង ថ្ងៃនោះ នឹងក្លាយជាការបញ្ចប់នៃរបបកូរ៉េខាងជើង»។
ក្រសួង បាននិយាយថា៖«ការអត្ថាធិប្បាយរបស់លោកស្រី គីម យ៉ូ ចុង បានឆ្លុះបញ្ចាំងពីអាកប្បកិរិយាលាក់ពុតរបស់កូរ៉េខាងជើង ដែលបន្តការបង្កហេតុ ហើយថ្មីៗនេះ បានប្រើលេស និងល្បិចកល ដូចជាបង្ហោះបាឡុងផ្ទុកសំរាមជាដើម»។
នៅក្នុងសេចក្តីថ្លែងការណ៍ លោកស្រី បាននិយាយថា កូរ៉េខាងជើង បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការសងសឹកដ៏ខ្លាំងក្លាមួយ ក្នុងករណីដែលយានដ្រូនដែលផ្ទុកសម្ភារៈប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ត្រូវបានហោះហើរម្តងទៀត ទៅកាន់កូរ៉េខាងជើង ដោយព្រមានថា «ពេលវេលាវាយប្រហារ» អាចមកដល់ នៅពេលណាមួយ។