ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា អ៊ីរ៉ង់ ចង់កសាងទំនាក់ទំនងមិត្តភាពជាមួយរុស្ស៊ី និងប្រទេសមជ្ឈិមបូព៌ាទាំងអស់។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយជាកម្មវិធី Moscow.Kremlin.Putin ជាផ្នែកមួយដែលត្រូវបានចេញផ្សាយ នៅលើប៉ុស្តិ៍ទូរទស្សន៍ Vestiថា៖«យើងចង់មានទំនាក់ទំនងល្អ និងមិត្តភាពជាមួយរុស្ស៊ី ដែលយើងបានរក្សាទំនាក់ទំនងល្អ អស់រយៈពេលជាយូរមកហើយ ក៏ដូចជាជាមួយប្រទេសទាំងអស់នៃតំបន់[មជ្ឈិមបូព៌ា]ដែរ។
ភាពតានតឹង បានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ានៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលក្រុមយុទ្ធជនមកពីចលនាបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាសដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សាស្ទ្រីប បានធ្វើការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែលពីតំបន់ហ្កាហ្សា ដោយបានសម្លាប់អ្នកស្រុករស់នៅតាមព្រំដែនអ៊ីស្រាអែល និងចាប់ពង្រត់មនុស្សជាង ២៥០នាក់ ក្នុងនោះមានស្ត្រី កុមារ និងមនុស្សចាស់។
អ៊ីស្រាអែល បានប្រកាសបិទផ្លូវទាំងស្រុងនៃតំបន់ហ្កាហ្សាស្ទ្រីប និងបានបើកការវាយប្រហារលើដែនដីប៉ាឡេស្ទីន និងតំបន់មួយចំនួន ក្នុងប្រទេសលីបង់ និងស៊ីរី ព្រមទាំងប្រតិបត្តិការជើងគោកប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។ ការប៉ះទង្គិចគ្នា ក៏ត្រូវបានរាយការណ៍ផងដែរ នៅក្នុងវេសបែង (West Bank) ។
កាលពីថ្ងៃទី 0១ ខែតុលា អ៊ីរ៉ង់ បានបើកការវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំប្រឆាំងនឹងរដ្ឋជ្វីហ្វ ជាការឆ្លើយតបទៅនឹងការសម្លាប់មន្ត្រីជាន់ខ្ពស់មកពីចលនាប៉ាឡេស្ទីនហាម៉ាស ចលនាហេសបូឡា Shia ដែលមានមូលដ្ឋាននៅលីបង់ និងកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC)។