អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres កាលពីថ្ងៃអាទិត្យ (ទី១៣ ខែតុលា) បានថ្កោលទោសការវាយប្រហារដែលបានបង្ករបួសដល់កងកម្លាំងរក្សាសន្តិភាពជាច្រើននាក់ នៅភាគខាងត្បូងប្រទេសលីបង់ ខណៈដែលកងកម្លាំងអ៊ីស្រាអែល ធ្វើប្រតិបត្តិការប្រឆាំងក្រុមសកម្មប្រយុទ្ធហេសបូឡា។ នេះបើតាមការលើកឡើងពីអ្នកនាំពាក្យរបស់លោក។
ដោយសំដៅទៅលើកងកម្លាំងមួកខៀវអន្តរជាតិ លោក Stephane Dujarric បាននិយាយថា៖ «បុគ្គលិករបស់ UNIFIL (កងកម្លាំងរក្សាសន្តិភាពរបស់ UN នៅលីបង់) និងបរិវេណរបស់អង្គភាបមិនត្រូវក្លាយជាគោលដៅវាយប្រហារជាដាច់ខាត។ ការវាយប្រហារប្រឆាំងនឹងអ្នករក្សាសន្តិភាព គឺបំពាននឹងច្បាប់អន្តរជាតិ ហើយអាចជាឧក្រិដ្ឋកម្មសង្គ្រាម។
លោកបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «នៅក្នុងហេតុការណ៍ដ៏គួរឲ្យព្រួយបារម្ភ ដែលបានកើតឡើងនៅថ្ងៃនេះ ទ្វារចូលនៃទីតាំងអង្គការសហប្រជាជាតិ ត្រូវបានរំលោភបំពានដោយចេតនារបស់រថពាសដែក IDF (កងកម្លាំងការពារជាតិអ៊ីស្រាអែល)»។
គួរបញ្ជាក់ថា យ៉ាងហោចណាស់កងរក្សាសន្តិភាពចំនួន ៥នាក់ បានរងរបួសក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែលអ៊ីស្រាអែលកំណត់គោលដៅវាយប្រហារទៅលើក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់។
UNIFIL ជាបេសកកម្មនៃកងទ័ពចម្រុះជាតិសាសន៍ចំនួនប្រហែល ៩.៥០០នាក់ ដែលត្រូវបានបង្កើតឡើងបន្ទាប់ពីមានការលុកលុយឆ្នាំ១៩៧៨ របស់អ៊ីស្រាអែលលើលីបង់ បានចោទប្រកាន់យោធាអ៊ីស្រាអែលថា បាញ់លើទីតាំងរបស់ខ្លួន «ដោតចេតនា»៕