នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃអាទិត្យ (ទី១៣ ខែតុលា) ប្រធានសភាអាមរិក លោក Mike Johnson បាននិយាយថា សហរដ្ឋអាមេរិកកំពុងស្ថិតក្នុង «ស្ថានភាពដ៏គ្រោះថ្នាក់បំផុត គិតចាប់តាំងពីសង្គ្រាមលោកលើកទី២» ដោយលើកឡើងពីសេដ្ឋកិច្ច ភាពតានតឹងពិភពលោក និងព្រំដែនភាគខាងត្បូង។
អំឡុងពេលនិយាយទៅកាន់ពិធីការិនី Kristen Welker របស់ប្រព័ន្ធផ្សព្វផ្សាយ NBC News ក្នុងកម្មវិធី « Meet the Press» លោក Johnson បានប្រាប់ថា៖ «បន្ទាប់ពីខ្ញុំបានទៅគ្រប់ទីកន្លែង តើអ្នកដឹងទេ Kristen? ពោលគឺមិនថា ខ្ញុំទៅបណ្ដារដ្ឋលម្អៀងទៅគណបក្សប្រជាធិបតេយ្យ ឬតំបន់លម្អៀងទៅគណបក្សប្រជាធិបតេយ្យ និងបណ្ដាតំបន់សមរភូមិ អ្វីដែលជាការព្រួយបារម្ភលំដាប់ទី១ នៅក្នុងចិត្តរបស់មនុស្សគ្រប់គ្នា នោះគឺការចំណាយខ្ពស់នៃការរស់នៅ»។
ប្រធានសភារូបនេះ បានបន្ថែមថា៖ «បន្ទាប់ពីនោះ គឺបញ្ហាព្រំដែនបើកចំហរ ដែលអ្នកមាននាទីគ្រប់គ្រងព្រំដែន គឺលោកស្រី Kamala Harris បានផ្ដួចផ្ដើម និងបង្កើតវាឡើង។ គ្រោះមហន្តរាយទាំងអស់កើតចេញពីនោះ។ ពួកគេព្រួយបារម្ភអំពីភាពទន់ខ្សោយ នៅលើឆាកអន្តរជាតិ ដែលលោក Joe Biden និងលោកស្រី Harris បានបង្ហាញឡើង ដោយនាំឲ្យពួកយើងធ្លាក់ចូលទៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់បំផុត គិតចាប់តាំងពីសង្គ្រាមលោកលើកទី២ មក»។
គួរបញ្ជាក់ថា ប៉ុន្មានសប្តាហ៍ចុងក្រោយនៃការធ្វើយុទ្ធនាការប្រកួតប្រជែងប្រធានាធិបតីឆ្នាំ២០២៤ ក៏ត្រូវបានសម្គាល់ ដោយភាពតានតឹងអន្តរជាតិខ្លាំងផងដែរ ដោយអ៊ីរ៉ង់បានបាញ់មីស៊ីលទៅលើអ៊ីស្រាអែល បន្ទាប់ពីការផ្ទុះឧបករណ៍ទំនាក់ទំនង និងការវាយប្រហាររបស់អ៊ីស្រាអែល នៅប្រទេសលីបង់ ហើយសង្រ្គាម រវាងអ៊ុយក្រែន និងរុស្ស៊ី នៅតែបន្តមានឥតថមថយ៕