អ្នកឃ្លាំមើលសិទ្ធិមនុស្សរបស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ (ទី១៣ ខែតុលា) បានជំរុញឲ្យអង្គការអន្តរជាតិឆ្លើយតបទៅនឹងការអះអាង ដែលថា អ្នកទោសសង្គ្រាមអ៊ុយក្រែន (POW) ជាច្រើននាក់ ត្រូវបានប្រហារជីវិត នៅក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ី ជាកន្លែងដែលទីក្រុងគីវ បានបើកការលុកលុយកាលពីខែសីហា។
DeepState ដែលជាស្ថាប័នវិភាគសមរភូមិរបស់អ៊ុយក្រែន ស្និទ្ធនឹងក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយថា ទាហានរុស្ស៊ីបានបាញ់សម្លាប់ «ប្រតិបត្តិករយានដ្រូន និងអ្នកម៉ៅការ» អ៊ុយក្រែន ៩នាក់ កាលពីថ្ងៃទី១០ ខែតុលា បន្ទាប់ពីពួកគេបានព្រមចុះចាញ់។
លោក Dmytro Lubinets បានឲ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram ថា លោកបានផ្ញើលិខិតទៅកាន់អង្គការសហប្រជាជាតិ (UN) និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ទាក់ទងនឹងករណីនេះ ដោយហៅទង្វើនេះថា ជា «ឧក្រិដ្ឋកម្មមួយផ្សេងទៀតដែលប្រព្រឹត្តដោយជនជាតិរុស្ស៊ី»។
ក្រោយមកនៅថ្ងៃអាទិត្យ អគ្គរដ្ឋអាជ្ញាអ៊ុយក្រែន លោក Andriy Kostin បាននិយាយថា ការិយាល័យរបស់លោកបានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្ម ជុំវិញករណីនេះ។ ភ្លាមៗនេះ មិនមានការឆ្លើយតបពីមន្ត្រីរុស្ស៊ីនោះឡើយ៕