បាល់ទាត់៖ មន្ត្រីអាជ្ញាកណ្តាលជាស្ត្រីទាំង ៤នាក់នឹងដឹកនាំការប្រកួតជំរុះ World Cup តំបន់អឺរ៉ុបរវាងអង់ដូរ៉ា និងអង់គ្លេសនៅយប់ថ្ងៃសៅរ៍នេះ។ លោកស្រី Kateryna Monzul នឹងជាមន្ត្រីអាជ្ញាកណ្តាលដឹកនាំការប្រកួតនៅលើទីលាន ខណៈមិត្តរួមជាតិអ៊ុយក្រែនរួមមាន Maryna Striletska និង Svitlana Grushko ជាជំនួយការអាជ្ញាកណ្តាលលើខ្សែបន្ទាត់ទាំងសងខាង។

ចំណែកលោក Stephanie Frappart សញ្ជាតិបារាំងគឺជាអ្នកគ្រប់គ្រងវីដេអូជំនួយអាជ្ញាកណ្តាលរឺហៅថា VAR។ ការប្រកួតនៅយប់ថ្ងៃសៅរ៍នេះនឹងជាការប្រកួតដំបូងរបស់អង់គ្លេស ដែលមានអាជ្ញាកណ្តាលដឹកនាំការប្រកួតជាស្ត្រីទាំង ៤នាក់បែបនេះ។ ចំណែកមន្ត្រីជាបុរស ២នាក់ផ្សេងទៀតនឹងជំនួយការ ស្របពេលលោក Denys Shurman ជាមន្ត្រីទីបួន និងលោក Viktor Matyash ជាជំនួយការ VAR។ សូមបញ្ជាក់ថា លោកស្រី Kateryna Monzul ធ្លាប់បានដឹកនាំការប្រកួតបុរសនៅពានរង្វាន់ UEFA Nations League រវាងសាន់ម៉ារីណូ និងហ្ស៊ីប្រាល់តាឆ្នាំមុន។ កាលពីឆ្នាំ២០១៦ លោកស្រី Monzul បានក្លាយជាអាជ្ញាកណ្តាលស្ត្រីដំបូងដឹកនាំការប្រកួតផ្នែកបុរសនៅលីគកំពូលអ៊ុយក្រែន ហើយក្រោយមកក៏បានដឹកនាំការប្រកួតបាល់ទាត់នារី World Cup និង Euro ផងដែរ៕
អត្ថបទ៖នាង សុភាវុធ