មនុស្សជម្លៀសខ្លួននៅក្នុងប្រទេសលីបង់ បាននាំគ្នាធ្វើដំណើរឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសស៊ីរីនាថ្ងៃចន្ទនេះ ស្របពេលដែលពួកគេបន្តរត់ភៀសខ្លួនគេចចេញពីការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល ។
យោងតាមការអះអាងរបស់អង្គភាពគ្រប់គ្រងគ្រោះមហន្តរាយលីបង់ បានឲ្យដឹងថា គិតត្រឹមថ្ងៃសៅរ៍ចុងសប្តាហ៍មុន ពលរដ្ឋស៊ីរី ៣២.១៨៤នាក់ និងពលរដ្ឋលីបង់ ១១៧។៧២៧នាក់ បានឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសស៊ីរី ។
រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនលីបង់លោក Ali Hamieh និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃទី ៤ ខែតុលា នៅជិតច្រកព្រំដែន Masnaa របស់លីបង់ ជាមួយស៊ីរី បានកាត់ផ្តាច់ផ្លូវដែលត្រូវបានប្រើប្រាស់ដោយមនុស្សរាប់ម៉ឺននាក់ ដែលរត់ភៀសខ្លួនចេញពីប្រទេសលីបង់ ។
លោក Hamieh និយាយថា ការវាយប្រហារលើដែនដីលីបង់នៅជិតច្រកព្រំដែន បង្កើតបានជារណ្តៅមានទទឹងប្រវែង ៤ម៉ែត្រ ។
ក្រសួងសុខាភិបាលលីបង់ និយាយថា មនុស្សជាង ២ពាន់នាក់ ត្រូវបានសម្លាប់ និងមនុស្សជិត ១ម៉ឺននាក់ បានរងរបួសនៅលីបង់ ក្នុងសង្រ្គាមរយៈពេលជិត ១ឆ្នាំកន្លងមនេះ ដែលភាគច្រើននៃពួកគេ បានស្លាប់ និងរងរបួស ក្នុងរយៈពេល ២សប្តាហ៍កន្លងមកនេះ ។
ដោយឡែក អ៊ីស្រាអែលនិយាយថា ជនស៊ីវិល និងទាហានរបស់ពួកគេប្រហែល ៥០នាក់ ត្រូវបានសម្លាប់ ៕