រដ្ឋមន្ត្រីថាមពលអ៊ីស្រាអែល លោក Eli Cohen នៅថ្ងៃចន្ទ (ទី១៤ ខែតុលា) នេះ បានចោទប្រកាន់កងរក្សាសន្តិភាព UNIFIL របស់អង្គការសហប្រជាជាតិ (UN) នៅភាគខាងត្បូងប្រទេសលីបង់ថា ជាកងកម្លាំង «ឥតប្រយោជន៍» ដែលមិនអាចការពារអ៊ីស្រាអែលពីការវាយប្រហាររបស់ក្រុមហេសបូឡា ហើយបានអំពាវនាវឲ្យដកចេញ ខណៈដែលការប្រយុទ្ធគ្នាបន្តមានកាន់តែខ្លាំងឡើងៗ។
លោកបាន Cohen បានលើកឡើងនៅលើបណ្ដាញសង្គម X ថា៖ «រដ្ឋអ៊ីស្រាអែលនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីធានាសុវត្ថិភាពរបស់ពលរដ្ឋខ្លួន ហើយប្រសិនបើអង្គការសហប្រជាជាតិមិនអាចជួយអ្វីបានទេនោះ យ៉ាងហោចណាស់ខ្លួនមិនគួរជ្រៀតជ្រែក ហើយឲ្យបុគ្គលិករបស់ខ្លួនចាកចេញពីតំបន់ប្រយុទ្ធគ្នា»។
គួរបញ្ជាក់ថា អ៊ីស្រាអែល និង UN បានឆ្លើយដាក់គ្នាទៅវិញទៅមក ជុំវិញបញ្ហាកងរក្សាសន្តិភាព នៅភាគខាងត្បូងលីបង់ ខណៈដែលកងកម្លាំងរបស់អ៊ីស្រាអែលរុលទៅមុខឆ្លងកាត់តំបន់នេះ ក្នុងប្រតិបត្តិការប៉ុនប៉ងកម្ចាត់ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធារបស់ក្រុមនេះ។
UN បាននិយាយថា រថក្រោះរបស់អ៊ីស្រាអែលបានចាប់ផ្ដើមចូលទៅក្នុងមូលដ្ឋានរបស់ខ្លួន កាលពីថ្ងៃអាទិត្យ (ទី១៣ ខែតុលា) ដែលជាការចោទប្រកាន់ចុងក្រោយបំផុតពីការរំលោភរបស់អ៊ីស្រាអែល ចំពោះកងកម្លាំងរក្សាសន្តិភាពដែលត្រូវបានថ្កោលទោសដោយក្រុមហេសបូឡា និងដោយសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល។
អ៊ីស្រាអែលបានជំទាស់នឹងការលើកឡើងរបស់ UN ហើយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអំពាវនាវឲ្យដកកងរក្សាសន្តិភាពចេញ ដោយនិយាយថា ពួកគេកំពុងផ្តល់ «ខែលការពារជាមនុស្ស» សម្រាប់ក្រុមហេសបូឡា ក្នុងអំឡុងពេលកើនឡើងនូវអរិភាពនេះ៕

