នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez នៅថ្ងៃចន្ទនេះ បានជំរុញឲ្យសមាជិកផ្សេងទៀតរបស់សហភាពអឺរ៉ុប(EU) ឆ្លើយតបនឹងសំណើររបស់ទីក្រុង Madrid និងអៀរឡង់ ដើម្បីផ្អាកកិច្ចព្រៀមព្រៀងពាណិជ្ជកម្មសេរីរបស់ប្លុកមួយនេះ ជាមួយអ៊ីស្រាអែល ពាក់ព័ន្ធនឹងសង្រ្គាមរបស់ពួកគេនៅតំបន់ហ្កាហ្សា និងលីបង់ ។
អស់រយៈពេលជាច្រើនខែមកហើយ អេស្ប៉ាញ និងអៀរឡង់ បានពិភាក្សាជាមួយប្រទេសសមាជិក EUផ្សេងទៀតដែលចង់ពិនិត្យមើលឡើងវិញកិច្ចព្រមព្រៀមសមាគម EU-អ៊ីស្រាអែល លើមូលដ្ឋានដែលអ៊ីស្រាអែល អាចបំពានប្រការសិទ្ធិមនុស្សមាននៅក្នុងកិច្ចព្រមព្រៀងមួយនេះ ។
លោក Sanchez និយាយថា លោកមានជំនឿថា គណកម្មការអឺរ៉ុប រដ្ឋាភិបាលប្រទេសអឺរ៉ុបទាំងអស់ ត្រូវតែឆ្លើយតបចំពោះសំណើផ្លូវការដែលប្រទេសនៅអឺរ៉ុបចំនួន ២បានដាក់ជូនកាលពីរយៈពេល ៩ខែមុន គឺប្រទេសអេស្ប៉ាញ និងអៀរឡង់ និងផ្អាកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយរដ្ឋាភិបាលអ៊ីស្រាអែល ។
លោក Sanchez បានអំពាវនាវផងដែរឲ្យសហគមន៍អន្តរជាតិ ផ្អាកការលក់អាវុធដល់អ៊ីស្រាអែល ។
លោកថា សហគមន៍អន្តរជាតិទាំងអស់ ត្រូវតែផ្អាកជាបន្ទាន់ការដឹកជញ្ជូនអាវុធទៅកាន់អ៊ីស្រាអែល ដូចដែលអេស្ប៉ាញបានធ្វើ សម្រាប់ហេតុផលដ៏សាមញ្ញបំផុតតែជាហេតុផលដ៏លើសលប់មួយថា គ្មានអាវុធ គឺគ្មានសង្រ្គាមកើតឡើងនោះទេ ៕


