នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្រ្តីចិនលោក Li Qiang បានចុះចតនៅទីក្រុង Islamabad មុនជំនួបប្រមុខរដ្ឋាភិបាលក្នុងតំបន់នៅកិច្ចប្រជុំអង្គការកិច្ចសហប្រតិបត្តិការក្រុងសៀងហៃ(SCO) ក្នុងរដ្ឋធានីរបស់ប្រទេសប៉ាគីស្ថានមួយនេះ ក្នុងសប្តាហ៍នេះ ។
ការិយាល័យនាយករដ្ឋមន្រ្តីប៉ាគីស្ថាន និយាយថា ដំណើរទស្សនកិច្ចរបស់លោក Li គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្រ្តីចិនមកកាន់ប្រទេសប៉ាគីស្ថាន ក្នុងរយៈពេល ១១ឆ្នាំកន្លងមកនេះ ។
នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Shehbaz Sharif បានទៅទទួលស្វាគមន៍លោក Liដោយផ្ទាល់នៅឯអាកាសយានដ្ឋាន ។
អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning និយាយនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃចន្ទនេះថា ចិន និងប៉ាគីស្ថាន គឺជាមិត្តប៉ានដែក ហើយគឺជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ។
រដ្ឋាភិបាលប៉ាគីស្ថាន បានប្រកាសថ្ងៃឈប់សម្រាករយៈពេល ៣ថ្ងៃនៅទីក្រុង Islamabad ដោយសាលារៀន និងអគារធុរកិច្ចត្រូវបិទទ្វារ ហើយនគរបាល និងកងកម្លាំងប្រដាប់អាវុធ ត្រូវបានដាក់ពង្រាយ ។
សូមបញ្ជាក់ថា ជំនួប SCO ដែលមានសមាជិកពេញសិទ្ធិចំនួន ៩ រួមទាំងចិន ឥណ្ឌា អ៊ីរ៉ង់ និងរុស្ស៊ីដែរនោះ នឹងរៀបចំឡើងនៅថ្ងៃអង្គារស្អែកនេះ និងថ្ងៃពុធ ក្នុងទីក្រុង Islamabad ៕


