បាល់ទាត់៖ ផ្លូវការហើយ បន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនខែនៅពេលនេះក្លិបបាល់ទាត់ Newcastle United មានម្ចាស់ក្លិបថ្មីហើយគឺព្រះអង្គម្ចាស់អារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman។ Saudi Public Investment Fund (PIF) ស្ថិតក្រោមការកាន់កាប់របស់ព្រះអង្គម្ចាស់ Mohammed bin Salman បានទិញយកភាគហ៊ុនក្លិបទាំងស្រុងរបស់លោក Mike Ashley ដែលមានតម្លៃ ៣០៥លានផោន។

ទោះបីជាមានការរិះគន់ពីមជ្ឈដ្ឋានមួយចំនួន ជាពិសេសអង្គការការពារសិទ្ធិមនុស្ស Amnesty Internationals ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ Premier League បានយល់ព្រមហើយ និងបានបញ្ចប់ការកាន់កាប់របស់លោក Mike Ashley នៅ Newcastle United រយៈពេល ១៤ឆ្នាំ។ PIF ជាក្រុមហ៊ុនដែលមានទំហំទឹកប្រាក់វិនិយោគ ២៥០ពាន់លានផោន មានន័យថា Newcastle ក៏បានក្លាយជាក្លិបបាល់ទាត់ដែលមានជាងគេមួយនៅលើលោក។ ជាមួយនឹងការចូលមកកាន់កាប់ និងវិនិយោគថ្មីនៅពេលនេះអ្នកគាំទ្រក្រុម Newcastle United ជាច្រើនបានធ្វើការអបអរសាទរនៅខាងក្រៅកីឡដ្ឋាន St. James Park។ រំលឹកថា Newcastle United បានខកខានឈ្នះពានក្នុងស្រុកតាំងពីឆ្នាំ១៩៥៥៕
អត្ថបទ៖នាង សុភាវុធ