រដ្ឋាភិបាលទីក្រុងញូវដែល្លី បានប្រកាសបម្រាមលើការប្រើប្រាស់ ការផលិត ការស្តុក និងការលក់ផាវនៅក្នុងរដ្ឋធានីប្រទេសឥណ្ឌាមួយនេះ រហូតដល់ថ្ងៃទី ១ ខែមករា ស្របពេលដែលគុណភាពខ្យល់ប្រែជាអន់នៅតាមតំបន់ជាច្រើននៅក្នុងទីក្រុង ។
បម្រាមខាងលើរួមបញ្ចូលទាំងបញ្ជីវិធានការក្រោមផែនការច្បាប់រដូវរងា ដើម្បីរឹតត្បិតប្រភពកង្វក់បរិយាកាស មុនរដូវរងា ។
ក្រុមគោរពបូជារាប់ម៉ឺននាក់នៅក្នុងរដ្ឋធានីដែល្លី នាំគ្នាប្រារព្ធពិធីបុណ្យហិណ្ឌូ Dussehra ដោយពួកគេដុតបដិមាក្រុងរាពណ៍ ព្រះអនុច និងបុត្រា ជាហេតុធ្វើឲ្យគុណភាពខ្យល់កាន់តែអាក្រក់ខ្លាំងបែបនេះ ។
ការធ្វើចរាចរណ៍ ត្រូវបានគេមើលឃើញនៅស្ថានភាពផ្សែងអ័ព្ទ ខណៈប្រាសាទនិមិត្តរូបមួយចំនួនដូចជាប្រាសាទហិណ្ឌូ Akshardham គ្របដណ្តប់ដោយផ្សែងអ័ព្ទ ។
យោងតាមការអះអាងរបស់ក្រុមស្វីស IQAir សន្ទស្សន៍គុណភាពខ្យល់នៅក្នុងរដ្ឋធានីញូវដែល្លី មានកម្រិត ២៦០ ធ្វើឲ្យវាស្ថិតនៅក្នុងកម្រិតគុណភាពខ្យល់គ្មានសុខភាព ៕



