ប្រធានសភារបស់ប្រទេសប៉ូឡូញ នៅថ្ងៃចន្ទ (ទី១៤ ខែតុលា) នេះ បានផ្ដាច់ខ្លួនចេញពីផែនការផ្អាកដំណើរការសុំសិទ្ធិជ្រកកោនដែលប្រកាសដោយនាយករដ្ឋមន្ត្រី លោក Donald Tusk ចំពេលមានភាពមិនស្រណុកចិត្ត នៅក្នុងផ្នែកខ្លះនៃក្រុមរដ្ឋាភិបាលចម្រុះដែលកំពុងកាន់អំណាច ដោយវិធានការនេះអាចបំពានរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ។
ទេសន្តរប្រវេសន៍បានក្លាយជារបៀបវារៈធំចម្បង នៅប្រទេសប៉ូឡូញ ចាប់តាំងពីឆ្នាំ២០២១ នៅពេលដែលមនុស្សមួយចំនួនធំ ភាគច្រើនមកពីតំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិក បានចាប់ផ្តើមព្យាយាមឆ្លងចូលដោយខុសច្បាប់តាមព្រំដែនជាមួយប្រទេសបេឡារុស ជាអ្វីដែលទីក្រុងវ៉ាសូវី និងសហភាពអឺរ៉ុប បាននិយាយថា ជាវិបត្តិដែលរៀបចំឡើងដោយទីក្រុងមីនស្ក៍ និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺរុស្ស៊ី។ ទាំងរុស្ស៊ី និងបេឡារុស បានបដិសេធមិនទទួលខុសត្រូវនោះឡើយ។
បញ្ហានេះមើលទៅនឹងដើរតួយ៉ាងសំខាន់ នៅក្នុងការបោះឆ្នោតប្រធានាធិបតីដែលត្រូវបានរំពឹងទុកថា នឹងកើតឡើងនៅខែឧសភា ឆ្នាំ២០២៥ ហើយលោក Tusk បានប្រកាន់ជំហរយ៉ាងតឹងតែងដែលមានការគាំទ្រជាសាធារណៈយ៉ាងទូលំទូលាយ ប៉ុន្តែត្រូវបានរិះគន់ដោយអ្នកតស៊ូមតិសិទ្ធិមនុស្ស។
កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក អំឡុងសមាជដែលរៀបចំដោយសម្ព័ន្ធគណបក្សនយោបាយ គឺ Civic Coalition (KO) ដែលជាក្រុមធំជាងគេនៅក្នុងរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី បានប្រាប់ថា ប្រទេសប៉ូឡូញគ្រោងនឹងផ្អាកដំណើរការសុំសិទ្ធិជ្រកកោនជាបណ្ដោះអាសន្ន ហើយបានប្តេជ្ញាបដិសេធគោលនយោបាយទេសន្តរប្រវេសន៍របស់សហភាពអឺរ៉ុប ដែលទីក្រុងវ៉ាសូវីជឿថា ធ្វើឲ្យដល់ខូចសន្តិសុខរបស់ខ្លួន៕