ទីភ្នាក់ងារវាយតម្លៃ Fitch នៅថ្ងៃចន្ទ (ទី១៤ ខែតុលា) នេះ បាននិយាយថា ការកាន់តំណែងជាប្រធានាធិបតីលើកទី២ របស់លោក Donald Trump អាចនាំឲ្យមានកំណើនសេដ្ឋកិច្ចធ្លាក់ចុះខ្លាំង នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីមួយចំនួន ដោយប្រទេសចិន កូរ៉េខាងត្បូង និងវៀតណាមរងផលប៉ះពាល់ជាពិសេស។
នៅក្រោមសេណារីយោករណីអាក្រក់បំផុត GDP (ផលិតផលក្នុងស្រុកសរុប) ពិតប្រាកដ នៅក្នុងប្រទេសទាំង៣ ក្នុងឆ្នាំ២០២៨ អាចមាន ១ភាគរយ ឬច្រើនជាងនេះ ក្រោមការរំពឹងទុកបច្ចុប្បន្នរបស់ទីភ្នាក់ងារ Fitch ប្រសិនបើការគាំការពារនិយមពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក កើនឡើងយ៉ាងខ្លាំងនោះ។
ជាផ្នែកមួយនៃការផ្សព្វផ្សាយរបស់លោកទៅកាន់អ្នកបោះឆ្នោត នៅក្នុងការបោះឆ្នោតដ៏ស្វិតស្វាញខ្លាំងនោះ អតីតប្រធានាធិបតី បានបង្ហាញផែនការយកពន្ធសរុបចន្លោះពី ១០% ទៅ ២០% លើគ្រប់មុខទំនិញនាំចូលស្ទើរតែទាំងអស់ ព្រមទាំងយកពន្ធ ៦០% ឬច្រើនជាងនេះលើទំនិញនាំចូលពីប្រទេសចិន។
ទីភ្នាក់ងារ Fitch បានឲ្យដឹងបន្ថែមថា ភាពតានតឹងពាណិជ្ជកម្ម ដែលមានកាន់តែខ្លាំងឡើងៗ អាចមានឥទ្ធិពលយ៉ាងធំដល់ប្រទេស និងក្រុមហ៊ុនដែលនាំចេញទំនិញចូលទៅសហរដ្ឋអាមេរិក។ តែទីភ្នាក់ងារនេះបានបញ្ជាក់ថា ឥណ្ឌានឹងមិនរងផលប៉ះពាល់នោះទេ ព្រោះប្រទេសនេះមិនសូវមានទិសដៅនាំទំនិញចេញ បើធៀបនឹងប្រទេសដទៃ៕