ក្រសួងសុខាភិបាលប៉ាឡេស្ទីន និយាយថា កងទ័ពអ៊ីស្រាអែលវាយឆ្មក់ទីក្រុង Jenin ស្ថិតក្នុងតំបន់កាន់កាប់នៅថ្ងៃចន្ទនេះ បានសម្លាប់ជនប៉ាឡេស្ទីន ២នាក់ ។
លោក Taher Al Sanouri គឺជាគ្រូពេទ្យមួយរូបរបស់ក្រុមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន ដែលត្រូវបានបញ្ជូនឲ្យជួយអ្នកគ្រោះថ្នាក់ និយាយថា កងទ័ពអ៊ីស្រាអែល បានសុំឲ្យគាត់នាំសាកសពមកឲ្យពួកគេ ដើម្បីប្រាកដថា អ្នករងគ្រោះថ្នាក់នោះ បានស្លាប់ ហើយបន្ទាប់មក ពួកគេបានអនុញ្ញាតឲ្យនាំសាកសពទៅកាន់សាលតម្កល់សពនៅក្នុងព្រះវិហារ ។
លោក Al Sanouri និយាយទៀតថា ពួកយើងទទួលបានការហៅទូរសព្ទថាមានគ្រោះថ្នាក់នៅទីក្រុង Jenin ពួកយើងក៏បានបញ្ជូនរថយន្តគិលានសង្រ្គោះ ២គ្រឿង ទៅកាន់ទីនោះ ពួកយើងពិបាកទៅយកអ្នករបួស បើទោះបីជាគាត់នៅចម្ងាយប៉ុន្មានម៉ែត្រពីពួកយើងក៏ដោយ ដោយសារតែមានការផ្ទុះអាវុធខ្លាំងពេកនោះទីនោះ ។
គួរឲ្យដឹងថា អំពើហិង្សា បានកើនឡើងអស់រយៈពេលជាង ២ឆ្នាំមកហើយ ប៉ុន្តែវាកាន់តែឡើងកម្តៅខ្លាំងថែមមួយកម្រិតទៀត ចាប់តាំងក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា បានដឹកនាំការវាយប្រហារអ៊ីស្រាអែល កាលពីខែតុលា ឆ្នាំមុន ៕