ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់របាយការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី ដែលបាននិយាយកាលពីថ្ងៃចន្ទថា រុស្ស៊ី និងប៉ាគីស្ថាន បានចាប់ផ្តើមសមយុទ្ធតាកទិករួមគ្នានៅមជ្ឈមណ្ឌលប្រឆាំងភេរវកម្មក្នុងប្រទេសប៉ាគីស្ថាន។

វីដេអូដែលបានចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ី បានបង្ហាញពីបុគ្គលិកយោធារុស្ស៊ី និងប៉ាគីស្ថាន កំពុងឈរនៅក្នុងមូលដ្ឋានមួយកន្លែង គោរពភ្លេងជាតិ និងបង្ហូតទង់ជាតិ។
ពិធីបើកបានធ្វើឡើងនៅមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិ «ប៉ាបប៊ី»។ ក្រសួងការពារជាតិ បាននិយាយថាភាគីរុស្ស៊ី ក៏បានបង្ហាញនៅក្នុងសមយុទ្ធដោយទាហានរបស់អង្គភាពកាំភ្លើងយន្តមកពីតំបន់ Volgograd ។
ចាប់ពីថ្ងៃទី២០ ខែកញ្ញាដល់ថ្ងៃទី១០ ខែតុលា ឆ្មាំព្រំដែនរុស្ស៊ី និងចិន បានធ្វើការល្បាតរួមគ្នាជាលើកដំបូងរបស់ប្រទេសទាំងពីរនៅតំបន់ភាគខាងជើងនៃមហាសមុទ្រប៉ាស៊ីហ្វិក។
ឆ្មាំព្រំដែន បានអនុវត្តសកម្មភាពរួមគ្នាដើម្បីកំណត់អត្តសញ្ញាណ និងបង្ក្រាបការគំរាមកំហែងដល់សន្តិសុខដែនសមុទ្រ ហើយក៏មានវគ្គហ្វឹកហ្វឺនជាបន្តបន្ទាប់ស្តីពីទំនាក់ទំនង ការផ្តល់ជំនួយដល់នាវាដែលកំពុងជួបបញ្ហា និងការជួយសង្គ្រោះនៅសមុទ្រ។