ព្រះវិហារ៖ នៅថ្ងៃទី១៤ ខែតុលា ម្សិលមិញនេះ រដ្ឋបាលខេត្តរៀបចំកិច្ចប្រជុំគណៈកម្មាធិការ សម្រប សម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្តព្រះវិហារក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង/ស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងសមាជិក គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសជាច្រើនរូប នៅសាលប្រជុំប្រាសាទព្រះវិហារ អាគារ រដ្ឋបាលខេត្តជាន់ទី៣។
មានប្រសាសន៍ បើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស នាពេលនោះ ឯកឧត្តម គីម រិទ្ធី បានលើកឡើងថា គោលបំណង សំខាន់នៃកិច្ចប្រជុំគឺដើម្បីពិនិត្យ និងផ្តល់យោបល់ លើសេចក្តីព្រាងឯកសារ ចំនួន៣ មុននឹងដាក់ទៅក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត ពិនិត្យ និងអនុម័ត រួមមាន៖
១.សេចក្តីព្រាងប្រតិទិន សម្រាប់ដំណើរការកសាងផែនការ អភិវឌ្ឍន៍ខេត្តរយៈពេលប្រាំឆ្នាំ ២០២៥-២០២៩ របស់ រដ្ឋបាលខេត្តព្រះវិហារ។
២.សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីគោលការណ៍ណែនាំផ្នែក គោលនយោបាយ សម្រាប់កសាង ផែនការអភិវឌ្ឍន៍រយៈពេល ប្រាំឆ្នាំ ២០២៥-២០២៩ របស់រដ្ឋបាលខេត្តព្រះវិហារ។
៣.សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារ កសាងផែនការអភិវឌ្ឍ និងកម្មវិធី វិនិយោគបីឆ្នាំរំកិលរបស់ រដ្ឋបាលខេត្តព្រះវិហារ។
លើសពីនេះ កិច្ចប្រជុំ ក៏បានពិនិត្យ និងពិភាក្សាលើឯកសារពាក់ព័ន្ធនានា ស្តីពីការរៀបចំវេទិកា រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០ ព្រមទាំងពិនិត្យ និងពិភាក្សាលើការងារត្រៀម លក្ខណៈរៀបចំពិធីប្រណាំង ទូកង នៅក្នុងឱកាសនៃការអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នៅទំនប់៩៥ ស្ថិតក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ កិច្ចប្រជុំក៏បានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងបានអនុវត្តទៅតាមរ បៀវារៈដែលបាន គ្រោងទុក។






