កំពង់ចាម ៖ ក្រោយរដូវភ្ជុំបិណ្ឌ តាមបណ្តាលវត្តអារាមក្នុងខេត្តកំពង់ចាម មានទេយ្យទាន និងគ្រឿងឧបភោគសម្បូរហូហៀរ ទើប មន្ត្រីសង្ឃ បានសហការគ្នាចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យខេត្ត កំពង់ចាម។
សកម្មភាពចែករំលែក ការធ្វើទានរបស់ព្រះសង្ឃចំពោះប្រជាពលរដ្ឋ ដែលជួបការលំបាក ជាការចូលរួមចំណែក ក្នុងការលើកស្ទួយជីវភាពពលរដ្ឋ។ បើតាមការលើកឡើងរបស់ លោក ស្រី សុភក្ត្រ ប្រធានមន្ទីរ ធម្មការ និងសាសនា ខេត្ត កំពង់ចាម និងជាប្រធានក្រុមការងារយុវជនខេត្ត ការចែកទានជាអំណោយគ្រឿងឧបភោគ បរិភោគ រួមទាំងថវិកានៅពេល នេះ គឺចង់បង្ហាញពីការចូលរួមរបស់សាសនាព្រះពុទ្ធ ដោយមិនប្រកាន់ពូជសាសន៍ និន្ទាការនយោបាយ និងសាសនាអ្វី ឡើយ ពោលគឺជួយគ្រប់ជនជាតិសាសន៍ទៅតាមលទ្ធភាពដែលមាន។ បច្ចុប្បន្ន ពលរដ្ឋមានជីវភាពធូរធារ មានការអភិវឌ្ឍ រីកចម្រើន មានសុខសន្តិភាព ប្រជាពលរដ្ឋ អាចធ្វើបុណ្យទានដោយសេរី។
កាលពីថ្ងៃទី២១ ខែកញ្ញា ម្សិលមិញ ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះរាជាគណៈថ្នាក់ចត្វា ព្រះនាគមុនីព្រះមេគណខេត្តកំពង់ចាម លោក ស្រី សុភក្ត្រ ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងយុវជនខេត្តកំពង់ចាម បានចែកអំណោយគ្រឿងឧបភោគ និង ថវិកា ជូនដល់ប្រជាពលរដ្ឋ ចំនួន៤១៨នាក់ ដែលមកពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យខេត្តកំពង់ចាម៕


