ភ្នំពេញ៖ ឯកឧត្តម សុខ សុក្រឹត្យា រដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា កាលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកស្រី នួន ផានឡាំសាំ (លោកស្រី ប៉េង) គណៈគ្រប់គ្រង និងជាប្រធានក្លឹបបាល់ទាត់ជំរើសជាតិថៃ ដើម្បីលើកកម្ពស់ទំនាក់ទំនងល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងតំណាងវិស័យឯកជនថៃក្នុងវិស័យកីឡាបាល់ទាត់ក្នុងន័យលើកកម្ពស់វិស័យកីឡាជាតិឲ្យកាន់តែរីកចម្រើនទៅថ្ងៃអនាគត។
ក្នុងឱកាសនោះ ឯកឧត្តម សុខ សុក្រឹត្យា និងលោកស្រី នួន ផានឡាំសាំ(លោកស្រី ប៉េង) បានថ្លែងអំណរគុណគ្នាទៅវិញទៅមក ក្នុងការផ្តល់ពេលវេលា និងទីកន្លែងដ៏សមរម្យ និងបានរំលឹកអំពីទំនាក់ទំនងល្អរវាងកម្ពុជា-ថៃ
ដែលមានតាំងពីយូរលង់ណាស់មកហើយ និងបានស្នើភាគីថៃបន្តរក្សា និងបង្កើនទំនាក់ទំនងល្អនេះយូរអង្វែងតទៅ ជាពិសេស ការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អថែមទៀតរវាងអ្នកនយោបាយខ្មែរ-ថៃ ជំនាន់ថ្មីដែលជាអ្នកបន្តវេន។
ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា និងលោកស្រីនួន ផានឡាំសាំ បានពិភាក្សាផ្លាស់ ប្តូរយោបល់គ្នាទៅវិញទៅមកអំពីបទពិសោធន៍ក្នុងការរៀបចំចងក្រងក្រុមកីឡាបាល់ទាត់នារី ដោយក្នុងនោះ ឯកឧត្តមបណ្ឌិត សុខ
សុក្រឹត្យា បានបង្ហាញក្តីសង្ឃឹមក្នុងការបង្កើតក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជានាពេលខាងមុខ។
លោកស្រី នួន ផានឡាំសាំ បានមានប្រសាសន៍បន្ថែមថាការជ្រើសរើសចងក្រងជាក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារី ទាមទារពេលវេលា និងការអត់ធ្មត់ខ្ពស់។ កិច្ចសហការក្នុងវិស័យកីឡាទេសចរណ៍រវាងកម្ពុជា-ថៃ
និងកិច្ចការចាំបាច់ដទៃទៀតនឹងនាំមកនូវការរីកចម្រើនសម្រាប់ប្រទេសទាំងពីរដែលជាប្រទេសជាប់ព្រំដែនគ្នា និងជាមិត្តជិតខាងដ៏ល្អ ដែលរួមកសាងប្រទេសជាតិជាមួយគ្នានោះ៕ អត្ថបទ៖ បាន ចក់