បេក្ខជនប្រធានាធិបតីនៃបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris កាលពីថ្ងៃចន្ទ (១៤ តុលា) បានរិះគន់លោក Donald Trump ចំពោះការអត្ថាធិប្បាយដ៏អាក្រក់របស់លោកអំពី “សត្រូវផ្ទៃក្នុង” សហរដ្ឋអាមេរិក និងការគំរាមកំហែងដាក់ពង្រាយយោធាក្នុងស្រុកប្រឆាំងនឹងពលរដ្ឋ ក្នុងកិច្ចខិតខំប្រឹងប្រែងជាថ្មីដើម្បីលាបពណ៌គូប្រជែងបក្សសាធារណរដ្ឋរបសខ្លួនថាជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ។

នៅក្នុងសកម្មភាពដ៏កម្រមួយនៅឯការប្រមូលផ្តុំយុទ្ធនាការក្នុងរដ្ឋប្រទាញប្រទង់ ផិនស៊ីលវេនៀ (Pennsylvania) អនុប្រធានាធិបតីអាមេរិករូបនេះបានរិះគន់ខ្លាំងៗ ហើយបង្ហាញវីដេអូឃ្លីបរបស់លោក Trump ដែលបានប្រាប់អ្នកគាំទ្ររបស់លោកថា “មនុស្សទាំងនោះ ពោលគឺសត្រូវផ្ទៃក្នុង មានគ្រោះថ្នាក់ខ្លាំងជាងរុស្ស៊ី”។

លោកស្រី Harris បានប្រាប់អ្នកគាំទ្របន្ទាប់ពីចាក់វីដេអូឃ្លីបនោះថា “អាណត្តិទីពីររបស់ Trump នឹងក្លាយជាហានិភ័យដ៏ធំ និងគ្រោះថ្នាក់សម្រាប់អាមេរិក”។ លោកស្រីបន្តថា លោក Trump បង្កគ្រោះថ្នាក់ដោយសារតែលោកជឿថាអ្នកដែលមិនយល់ស្របជាមួយលោកគឺសុទ្ធតែជាសត្រូវ។

លោកស្រី Harris វ័យ ៥៩ឆ្នាំថ្មីៗនេះក៏បានជំរុញឱ្យលោក Trump ចេញផ្សាយកំណត់ត្រាសុខភាពរបស់ខ្លួនដូចដែលលោកស្រីបានធ្វើ ដើម្បីបញ្ជាក់ពីភាពស័ក្ដិសមសម្រាប់តំណែង។ គួររម្លឹកថា នៅពេលត្រូវបានសាកសួរនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យ ថាតើលោក Trump រំពឹងថានឹងមាន “ភាពវឹកវរ” នៅថ្ងៃបោះឆ្នោតឬទេ អតីតប្រធានាធិបតីរូបនេះហាក់បង្ហើបថា យោធាអាចត្រូវបានពង្រាយប្រឆាំងនឹងពលរដ្ឋ៕