ប្រទេសចិន បាននិយាយកាលពីថ្ងៃចន្ទ (១៤ តុលា) ថា ខ្លួននឹងដាក់ពិន័យ និងដាក់ទណ្ឌកម្មលើអ្នកជំនួញដ៏ស្ដុកស្ដម្ភម្នាក់របស់កោះតៃវ៉ាន់ លោក រ៉ូប៊ឺត សាវ (Robert Tsao) និងសមាជិកសភា លោក ភូម៉ា ស៊ិន (Puma Shen) ពីបទល្មើសផ្ដាច់ខ្លួនធ្ងន់ធ្ងរ និងការគាំទ្រសកម្មភាពឯករាជ្យភាពរបស់កោះតៃវ៉ាន់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន បាននិយាយថា “បណ្ឌិតសភាខ្លាឃ្មុំខ្មៅ” (Black Bear Academy) ដែលអ្នកទាំងពីរនោះមានទំនាក់ជាមួយ កំពុងតែស្វះស្វែងញុះញង់ឱ្យមានការផ្ដាច់ខ្លួនដែលនឹងបង្កគ្រោះថ្នាក់ដល់ទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រ។

គួរបញ្ជាក់ថា លោក Tsao គឺជាអ្នកជំនួញមានទ្រព្យបំផុតម្នាក់របស់តៃវ៉ាន់ ដែលបានសន្យាកាលពី ២ឆ្នាំមុន ក្នុងការផ្តល់ប្រាក់រាប់លានដុល្លារដល់កម្មវិធីបណ្តុះបណ្តាលផ្នែកការពារជនស៊ីវិលចំនួនពីរ រួមទាំងបណ្ឌិតសភាខ្លាឃ្មុំខ្មៅ។ លោក Shen សមាជិកសភានៃបក្សប្រជាធិបតេយ្យជឿនលឿន (DPP) កំពុងកាន់អំណាច បានជួយដល់ដំណើរការវគ្គបណ្តុះបណ្តាលនៅវិទ្យាស្ថាននោះ។

ការិយាល័យកិច្ចការតៃវ៉ាន់កម្រិតក្រុមប្រឹក្សារដ្ឋបាននិយាយថា ខ្លួននឹងដាក់បញ្ចូលលោក Tsao និងលោក Shen ទៅក្នុងបញ្ជីនៃ “ជនគាំទ្រឯករាជ្យភាពតៃវ៉ាន់ផ្កាប់មុខ” ហើយដាក់ទណ្ឌកម្មលើពួកគេ និងបណ្ឌិត្យសភានោះ។

ជំហាននេះកើតឡើងនៅពេលដែលប្រទេសចិន កាលពីថ្ងៃចន្ទ បានធ្វើសមយុទ្ធយោធាថ្មីៗជុំវិញកោះស្វ័យគ្រប់គ្រង ដែលទីក្រុងប៉េកាំង អះអាងថាជារបស់ខ្លួន។ ចិននិយាយថា សមយុទ្ធនោះគឺជាការព្រមានប្រឆាំងនឹង “ទង្វើផ្តាច់ខ្លួនរបស់កងកម្លាំងឯករាជ្យតៃវ៉ាន់” ហើយក៏បានថ្កោលទោសមេដឹកនាំតៃវ៉ាន់ គឺលោក ឡៃ ឆឹងទ័រ (Lai Ching-te)៕