សារព័ត៌មាន ឡូសអែនជើលេស ថែមស៍ (Los Angeles Times) បានរាយការណ៍ថា បុរសម្នាក់ប្រដាប់ដោយកាំភ្លើងដាក់គ្រាប់រួចចំនួនពីរដើម ដែលត្រូវបានចាប់ខ្លួននៅខាងក្រៅព្រឹត្តិការណ៍ជួបជុំយុទ្ធនាការរបស់បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ លោក Donald Trump នៅរដ្ឋកាលីហ្វ័រនីញ៉ា (California) សហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍ បានបដិសេធផែនការធ្វើឃាត ហើយកាលពីថ្ងៃចន្ទ (១៤ តុលា) បានគំរាមប្តឹងនរបាលម្នាក់ដែលអះអាងថាក្រុមការងាររបស់ខ្លួនបានបញ្ឈប់ជនសង្ស័យនោះពីការប៉ុនប៉ងធ្វើឃាតអតីតប្រធានាធិបតី។

លោក វេម មីលឡឺ (Vem Miller) ដែលជាជនសង្ស័យប្រដាប់អាវុធរូបនោះ បានប្រាប់សារព័ត៌មានរបស់អាមេរិកនេះក្នុងបទសម្ភាសន៍តាមទូរសព្ទកាលពីថ្ងៃចន្ទថា រូបគេបានយកអាវុធពីរដើមទៅការជួបជុំនោះដើម្បីការពារខ្លួន ដោយនិយាយថាលោកបានទទួលការគំរាមសម្លាប់ទាក់ទងនឹងរឿងការងារ។

របាយការណ៍បន្តថា Miller គំរាមដាក់ “បណ្ដឹងដ៏ធំ" ប្រឆាំងតម្រួតនគរបាលតំបន់ រីវើសាយ (Riverside) លោក ឆាដ ប៊ីយ៉ង់ខូ (Chad Bianco) ចំពោះការអះអាងមិនពិតលើហេតុការណ៍នោះ។ របាយការណ៍បន្ថែមថា អាជ្ញាធរដែលកំពុងស៊ើបអង្កេតបុរសប្រដាប់អាវុធដែលត្រូវចាប់ខ្លួននោះ មិនបានរកឃើញភស្តុតាងដែលថាជនសង្ស័យគ្រោងនឹងសម្លាប់លោក Trump ទេ។

កំណត់ត្រាសាធារណៈបង្ហាញថា Miller គឺជាអ្នកបោះឆ្នោតចុះឈ្មោះខាងបក្សសាធារណរដ្ឋ។ បុរសវ័យ ៤៩ឆ្នាំរូបនេះក៏បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាខ្លួនជាអ្នកគាំទ្រលោក Trump ហើយមានការភ្ញាក់ផ្អើលចំពោះការចាប់ខ្លួន និងការចោទប្រកាន់នេះ។ ប្រភពស្និទ្ធនឹងយុទ្ធនាការលោក Trump បានប្រាប់សារព័ត៌មាន ហ្វកញូវស៍ (Fox News) ថាពួកគេមិនចាត់ទុកសកម្មភាពរបស់ Miller ជាការប៉ុនប៉ងធ្វើឃាតនោះឡើយ៕